Xabi Alonso ប្រឈមមុខ​នឹង​ការជាប់គុក​រយៈពេល 5ឆ្នាំ ជុំវិញ​ករណី​មិន​បង់ពន្ធ

ក្រុមរដ្ឋអាជ្ញាប្រទេសអេស្ប៉ា កំពុងតែទាមទារឱ្យមានការកាត់ទោសដាក់គុករយៈពេល 5ឆ្នាំទៅលើ Xabi Alonso តាមរយៈការចោទប្រកាន់អតីតខ្សែបម្រើអន្តរជាតិអេស្ប៉ា និងក្លិប Real Madrid រូបនេះ ដែលបានធ្វើការបន្លំការបង់ពន្ធចំនួន 3ករណី។

Alonso វ័យ 36ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបន្លំការបង់ពន្ធដល់អាជ្ញាធរ ក្នុងទឹកប្រាក់ 2លានអឺរ៉ូ (ស្មើនឹង 2.5លានដុល្លារអាមេរិក) តាមរយៈការផ្តល់ឯកបង់ពន្ធមិនត្រឹមត្រូវកាលពីឆ្នាំ2010-2011 និងឆ្នាំ2012 Alonso ដែលបានចូលនិវត្តន៍កាលពីឆ្នាំមុន ក្រោយពីចំណាយពេល 3រដូវកាលជាមួយនឹងក្លិប Bayern Munich នោះ បានលេងឱ្យក្លិប Real Madrid ពីឆ្នាំ2009 រហូតដល់2014

ជាមួយនឹងការប្រឈមមុខនឹងការជាប់គុករយៈពេល 5ឆ្នាំ ការពិន័យជាទឹកប្រាក់ចំនួន 4លានអឺរ៉ូ ក៏នឹងត្រូវធ្វើឡើងប្រឆាំងនឹង Alonso ដែរ លោក Ivan Zalduaទីប្រឹក្សាផ្នែកពន្ធដាររបស់គេ និងម្ចាស់ក្រុមហ៊ុនព័រទុយហ្គាល់លោក IgnasiMaestre ផងដែរ។ ក្រុមរដ្ឋអាជ្ញាក៏ទាមទារឱ្យប្រគល់ទឹកប្រាក់ដែលមិនបានបង់ឱ្យការិយាល័យពន្ធដាររបស់អេស្ប៉ា បូករួមទាំងអត្រាការប្រាក់ផងដែរ។ រាល់ការចោទប្រកាន់ទាំងអស់ត្រូវបានបដិសេធ។

ករណីប្រឆាំងនឹង Alonso ដំបូងឡើងត្រូវបានលុបចោលរួចស្រេចទៅហើយ ប៉ុន្តែ ត្រូវបានបើកសើរើឡើងវិញកាលពីដើមឆ្នាំនេះ។ Alonso បានលក់សិទ្ធិផ្សាយលើរូបភាពក្នុងឆ្នាំ2012 ក្នុងតម្លៃ 5លានអឺរ៉ូ ទៅឱ្យក្រុមហ៊ុន KardzaliComercioServicos de Consultoria e Investimentos ដែលមានមូលដ្ឋាននៅលើកោះ Madeira របស់ព័រទុយហ្គាល់៕

ប្រភពពី៖ ESPN

Advertisement