អាជ្ញាកណ្តាលឈ្លោះជាមួយលោក Wenger នឹងត្រូវកាត់សេចក្តីក្នុង FA Cup រវាង Arsenal និង Chelsea

លោក​​អាជ្ញាកណ្តាល​​ដែល​ត្រូវ​បាន​រង​នូវ​ការ​រុញ និង​ត្រូវ​បាន​ចាត់​ទុក​ថា គ្មាន​ភាព​ស្មោះ​ត្រង់​​ដោយ​លោក Arsene Wenger នោះ នឹង​ត្រូវ​កាត់​សេចក្តី​ក្នុង​ការ​ប្រកួត​ពាន ​FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ​​នៅ​ខែ​ក្រោយ រវាងក្រុម Arsenal របស់​គ្រូ​បង្វឹក​ជើង​​ចាស់​សញ្ជាតិ​បារាំង​រូប​នេះ និង​ក្រុម Chelsea​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​​សហ​​ព័ន្ធ​កីឡា​បាល់​ទាត់​អង់​គ្លេស​ហៅ​កាត់​ថា FA​។

លោក Wenger បាន​រងពិន័យ​ជា​ទឹក​ប្រាក់ ​២៥០០០​ផោន (ស្មើ​នឹង​៣២០០០​ដុល្លារ​​អាមេ​រិក) សម្រាប់​ការ​រុញ​​ទៅ​លើ​លោក Anthony Taylor ដែល​ជាមន្ត្រី​​អាជ្ញា​កណ្តាល​ទី​៤ អំឡុង​ពេលក្រុម Arsenal ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League លើ​​ក្រុម Burnley កាល​ពី​ថ្ងៃ​​ទី​២២ ខែ​មក​រា​។ លោក​អាជ្ញា​កណ្តាល Jon Moss បាន​ឃើញ​ថា លោក Wenger បាន​ចោទ​​ប្រកាន់​លោក Taylor ពី​បទ​គ្មាន​ភាព​ស្មោះ​ត្រង់​ទៅនឹង FA នៅ​មុន​ពេល​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សម​​រម្យ​ទៅកាន់​​មន្ត្រី​ទី​បួន​រូបនេះ​។

លោក Moss បាន​​ពិន័យ​កាត​​ក្រហម​ដល់​លោក Wenger ក្រោយ​ពី​ក្រុម Burnley បាន​រក​​គ្រាប់​បាល់​ដោយ​ការ​ស៊ុត​បាល់ប៉េ​ណាល់​ទី ហើយ​​គ្រូ​បង្វឹក​​របស់​ក្រុម Arsenal រូប​នេះបាន​ឈរ​ឈ្លោះ​ប្រកែក​គ្នា​​ក្នុង​ផ្លូវ​ចូល​ទៅកាន់​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំ​បែក​នា​កីឡដ្ឋាន Emirates​។ បើ​យោង​ទៅ​តាម FA ក្រោយ​មក លោក Wenger បាន​រុញ​លោក Taylor ពីរ​លើក ប៉ុន្តែ ក្រោយ​មក​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ណាស់ ខ្ញុំ​គួរ​តែ​បិទ​មាត់ និង​ទៅ​ផ្ទះ​ជា​ធម្ម​តា​។ ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​បញ្ហា​នោះ​»​៕

ប្រភព​ពី៖ The Guardian

Advertisement