អត្ត​ព​លិ​ក​ហែល​ទឹក​​កម្ពុជា​​ឈ្នះ​មេដាយមាស​នៅ​ស៊ី​ហ្គេម​នឹង​ទទួលបាន​មួយ​ម៉ឺន​ដុល្លារ​ថែម​ពីលើ​ប្រាក់ឧបត្ថម្ភ

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានប្រកាស​ផ្តល់ប្រាក់​លើកទឹកចិត្ត​ចំនួន​មួយ​ម៉ឺន​ដុល្លារ​ដល់​អត្ត​ព​លិ​ក​ទាំងឡាយណា​ដែល​ឈ្នះ​មេដាយមាសក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម បន្ថែម​លើ​ថវិកា​ដែល​ឧ​ប​ត្ត​ម្ភ​ដោយ​រាជរដ្ឋាភិបាល។

ក្នុង​ពិធី​ជួប​សំណេះសំណាលជាមួយ​គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន 49 រូប កាលពី​ថ្ងៃទី 04 ឧសភា នា​ទីស្តីការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានឧបត្ថម្ភ​ដល់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​វិញ្ញាសា​កីឡាហែលទឹក ដែល​នឹងចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម​លើក​ទី 32 ក្នុងម្នាក់ៗ 200 ដុល្លារ​អាមេរិក បន្ថែម​ពីលើ​ទឹកប្រាក់​ដែល​ឧបត្ថម្ភ​ចំនួន 500 ដុល្លាររបស់​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។ ជាពិសេស ចំពោះ​អត្ត​ព​លិ​ក​ដែល​ដណ្តើមបាន​មេដាយមាស នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​មួយ​ម៉ឺន​ដុល្លារ​បន្ថែមទៀត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ បាន​ថ្លែង​កោតសរសើរ និង​អរគុណ​ដល់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​គ្រប់រូប ដែល​បាន​ចំណាយ​ទាំង​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ក្នុងការ​ហ្វឹកហាត់​តាំង​ពី​ដើម​រហូតមក​ដល់​ការប្រកួត​នាពេលនេះ។

ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដរបស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ជ័យលាភី​មេដាយ​អត្ត​ព​លិ​ក​កម្ពុជា នៅក្នុង​ការប្រកួត​​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី 32 រួមមាន អត្ត​ព​លិ​ក​ដណ្ដើមបាន​មេដាយមាស​នឹង​ទទួលបាន 40 លាន​រៀល មេដាយប្រាក់​នឹង​ទទួលបាន 30 លាន​រៀល និង​មេដាយ​សំរឹទ្ធ​នឹង​ទទួលបាន 16 លាន​រៀល៕

Advertisement