Mendy ពិនិត្យសុខភាព មុនពេលបំពេញការផ្ទេរពីទៅ Man City

Benjamin Mendy បានធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ដើម្បីពិនិត្យសុខភាពនៅមុនពេលបំពេញការផ្ទេរទៅកាន់ក្លិប Manchester City ក្នុងតម្លៃខ្លួន52លានផោន (ស្មើនឹង67.6លានដុល្លារអាមេរិក) ពីក្លិប Monaco ដែលជាម្ចាស់ជើងឯករបស់បារាំង។

លោក Pep Guardiola បានចាត់ទុកខ្សែការពារអន្តរជាតិបារាំងវ័យ23ឆ្នាំរូបនេះ ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាសក្តានុពលក្នុងការទិញចូលកាលពីចុងរដូវកាលមុន ក្រោយពីការចាកចេញរបស់ខ្សែការពារ Gael Clichy ប៉ុន្តែ Man City បានរងនូវការច្រានចោលចំពោះសំណើ3លើកដំបូងរបស់ខ្លួនសម្រាប់ Mendy នេះ។ ការផ្ទេរនេះមានន័យថា Monaco នឹងចំណេញប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្រោយពីពួកគេបានទិញ Mendy ពីក្លិប Marseille ក្នុងតម្លៃខ្លួនតែ11លានផោន កាលពីឆ្នាំ2016។ រូបគេបានបង្ហាញខ្លួនច្រើនជាង100លើកសម្រាប់ Marseille ក្នុងរយៈពេល3រដូវកាល នៅមុនពេលចុះហត្ថលេខារយៈពេល5ឆ្នាំនៅឯក្លិប Monaco កាលពីរដូវក្តៅមុន។

តម្លៃខ្លួនរបស់គេនឹងខ្ពស់ជាងទឹកប្រាក់45លានផោន ដែលក្លិប Man City ធ្លាប់បានចំណាយទិញខ្សែការពារស្លាបស្តាំ Kyle Walker កាលពីដើមខែនេះ និងទឹកប្រាក់47.5លានផោន សម្រាប់ខ្សែការពារ John Stones កាលពីរដូវក្តៅមុន។

Monaco បានឈ្នះពានក្របខ័ណ្ឌ Ligue 1 ជាលើកទី1បើគិតចាប់តាំងពីឆ្នាំ2000មក និងបានឈានទៅប្រកួតក្របខ័ណ្ឌ Champions League ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែ បច្ចុប្បន្ន Mendy ក្លាយជាកីឡាករចុងក្រោយគេបំផុតក្នុងការចាកចេញពីក្លិបមួយនេះ ក្រោយពីការចាកចេញរបស់ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bernardo Silva ទៅកាន់ Man City ក្នុងតម្លៃខ្លួន42លានផោន ហើយខ្សែបម្រើ Tiemoue Bakayoko ចូលរួមជាមួយនឹងក្លិប Chelsea ក្នុងតម្លៃខ្លួន34លានផោន៕
ប្រភពពី៖ The Guardian

Advertisement