Everton នឹងបង្កើនការដេញថ្លៃសម្រាប់ Sigurdsson ក្រោយ Swansea ច្រានចោលសំណើ40លានផោន

ក្លិបទូកក្តោង Everton កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏ឆ្នើម Gylfi Sigurdsson ដែលបានវិលមកប្រទេសវែលស៍វិញ ក្រោយពីដកខ្លួនចេញពីដំណើរប្រកួតមិត្តភាពរបស់ក្លិប Swansea City នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងរយៈពេលតិចជាងមួយម៉ោងនៅមុនពេលកីឡាកររូបនេះ ត្រូវចាកចេញពីសណ្ឋាគាររបស់ពួកគេក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍។

ការសម្រេចចិត្តដកខ្លួនរបស់ Sigurdsson បានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ Swansea និងបានធ្វើឲ្យមានបញ្ហាកាន់តែច្រើន ខណៈដែល Everton នឹងត្រូវធ្វើការពង្រឹងការបំពេញការផ្ទេរកីឡាកររូបនេះឲ្យទាន់ពេលដើម្បីអាចឲ្យ Sigurdsson ធ្វើដំណើរជាមួយនឹងពួកគេទៅកាន់ប្រទេសហូឡង់ នៅសប្តាហ៍ក្រោយ។ ក្លិប Swansea បានច្រានចោលសំណើដេញថ្លៃក្នុងទឹកប្រាក់40លានផោន (ស្មើនឹង51.7លានដុល្លារអាមេរិក) និងដាក់តម្លៃខ្លួនលើខ្សែបម្រើអន្តរជាតិអ៊ីស្លង់រូបនេះក្នុងទឹកប្រាក់50លានផោន ប៉ុន្តែ ការព្រមព្រៀងគ្នាមួយត្រូវបានរំពឹងទុកថា នឹងត្រូវឈានដល់ ដោយសារតែ Sigurdsson បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេចង់ផ្ទេរទៅកាន់កីឡដ្ឋាន Goodison Park។

ក្លិប Swansea បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍នៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា៖ «Gylfi មិនមានអារម្មណ៍ល្អឡើយក្នុងការធ្វើដំណើរក្រោមភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គេ»៕
ប្រភពពី៖ The Guardian

 

Advertisement