អ៊ុំ ចំរើន ខកខានទៅប្រកួត ដណ្តើម​ខ្សែក្រវាត់កម្រិត​ពិភពលោក ក្រោយរត់ការមិនទាន់

ក្រោយពីរត់ការផ្លូវច្បាប់ ទៅសហព័ន្ធកីឡាគុនខ្មែរ មិនទាន់នោះ អ្នកប្រដាល់ អ៊ុំ ចំរើន ត្រូវបានខកខាន ទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់ កម្រិត​ពិភពលោក (Max Muay Thai World Champion) នៅ Max Muay Thai Stadium ក្នុង​ទីក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ នា​ថ្ងៃ​ទី ៣០ ខែ​មេសា ខាងមុខ​នេះវិញហើយ ។ ខណៈ ដែលបហិច្ឆតា របស់អ្នកប្រដាល់រូបនេះ ចង់ដណ្ដើមខែក្រវ៉ាត់មកជូនជាតិខ្លាំងណាស់។

គ្រូបង្វឹករបស់កីឡាកររូបនេះ ដែលមកពី​ក្លិប​តាឡីដំរី​មានរិទ្ធ លោក ម៉ាក់ សុខន បានឱ្យដឹង​ថា៖ «នៅ​ពេល​ក្លិប​បានធ្វើ​សំណើ​ទៅ គឺខាង​ថ្នាក់​លើ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ប្រាប់​ឲ្យខាង Max Muay Thai World Champion ទាក់ទង​មក​សហព័ន្ធ​ផ្ទាល់ ប៉ុន្តែ​ដោយសារ​ពេល​វេលា​នៅសល់​តិចពេក គឺ​មិនអាច​ធ្វើទៅ​រួចទេ ព្រោះ​សហព័ន្ធ ត្រូវសុំ​សំណើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ទៀត អ៊ីចឹង​យើង​មិនអាច​ទៅ​ប្រកួត​ដោយ​គ្មានការ​អនុញ្ញាត​នោះទេ ព្រោះ​វានាំ​ឲ្យ​ប៉ះពាល់​ដល់​ក្លិប​របស់​យើង»។

អ៊ុំ ចំរើន ក៍បាននិយាយដែលថា៖ «តាមខ្ញុំ​ដឹង កម្មវិធី​ប្រកួត​នេះ គេ​បាន​រៀបចំ​រួចរាល់​អស់​ហើយ ប៉ុន្តែវា​ទាក់ទង​ដល់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​របស់​យើង ហើយ​ខ្ញុំមិន​ហ៊ាន​ទៅ​ប្រកួត​ដោយ​គ្មាន​ការអនុញ្ញាត​ពី​សហព័ន្ធ​នោះទេ ចំណែក​សំណើសុំ​ទៅ​សហព័ន្ធ យ៉ាងណា​នោះ ខ្ញុំអត់​ដឹង​ច្បាស់​ដែរ គឺ​លើគ្រូ​របស់ខ្ញុំ»។

កីឡាករូបនេះ សង្កត់ធ្ងន់ថា៖ ព្រឹត្តិការណ៍ប្រកួតនេះ វាជា​ក្តី​សុបិន​របស់ខ្ញុំ ព្រោះ​វាមិន​ងាយ​បាន​ទៅទេ ហេតុនេះ​បើសិន​ជាខ្ញុំ​បាន​ចូលរួម​នោះ ខ្ញុំនឹង​ប្រឹងប្រែង​វ៉ៃឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើម​យក​ខ្សែក្រវាត់​នេះ​ដើម្បី​មុខមាត់​ជាតិ ពិសេស​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ឃើញ​ពី​ក្បាច់គុន​បុរាណ​ខ្មែរ»។

គួររំឭក​ថា កីឡាករ វង្ស ណយ និង សេន ប៊ុនថេន ជាដើម​សុទ្ធតែ​ធ្លាប់​ត្រូវបាន​សហព័ន្ធ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការចេញ​ទៅ​ប្រកួត​នៅ Max Muay Thai World Champion ជា​លក្ខណៈ​ឯកជន គ្មាន​ការអនុញ្ញាត គឺមាន​តែ មឿន សុខហ៊ុច ម្នាក់​ទេ ដែល​ត្រូវបាន​ក្រសួង និង​សហព័ន្ធ អនុញ្ញាត​ឲ្យទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មាស ជា​ផ្លូវការ​ក្នុង​ព្រឹត្តិ្កការណ៍ Max Muay Thai World Champion នេះ​កាលពី​ឆ្នាំ ២០១៦ បន្ទាប់​ពី​រូបគេ​បានឈ្នះ​ខ្សែក្រវាត់​ប្រាក់ ប៉ុន្តែ សុខហ៊ុច បាន​ធ្លាក់​ពីការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មាស​នោះ ត្រឹម​វគ្គ​ជម្រុះ​លើកទី ១៕

Advertisement