ក្លិប​យក្ស​ជប៉ុន FC Tokyo ខ្ចី​ជើង​ខ្សែ​បម្រើ​ឆ្នើម​ពីក្លិប Bangkok United របស់​ថៃ

ក្លិប​យក្ស​​របស់​ជប៉ុន FC Tokyo បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើ​​ដ៏ឆ្នើម​អន្តរ​ជាតិ​​ថៃ Jakkit Wachpirom ពី​ក្លិប Bangkok United ក្នុង​លក្ខ​ខណ្ឌ​ខ្ចី​ជើងរហូត​ដល់​បញ្ចប់​​រដូវ​កាលនេះ​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​ក្លិប​​ស្ថិតក្នុងក្រប​ខ័ណ្ឌ​​កំពូល J-League មួយនេះ កាលពីថ្ងៃពុធ​។ Jakkit វ័យ​20​ឆ្នាំ បាន​លេង​​​ឲ្យក្រុម​ជម្រើស​ជាតិ​ថៃ​អាយុក្រោម​23​ឆ្នាំ និង​បាន​ស្ថិត​ជា​សមា​ជិក​របស់​ក្រុម​​ជម្រើស​ជាតិ​ថៃដែល​បានបញ្ចប់ក្នុង​ចំណាត់ថ្នាក់​លេខ​2​ក្នុង​ព្រឹត្តិការណ៍ Asian Under-19 Championship កាលពីឆ្នាំមុន​។ Jakkit គឺ​ជាកីឡាករ​ថៃ​ទី​2​​ដែល​បាន​ចូល​រួម​ជាមួយនឹង​​ក្រប​ខ័ណ្ឌកំពូល​ជប៉ុន J-League ក្រោយ​ពី​ខ្សែ​បម្រើ​ដ៏ឆ្នើម Chanathip Songkrasin បានផ្ទេរ​ទៅ​កាន់ក្លិប Consadole Sapporo​។ កីឡាករ Jakkit បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​​រីក​រាយណាស់ក្នុងការមាន​ឱកាស​ទៅលេង​នៅ​ក្រៅ​ប្រទេស​នៅ​ឯ​ក្លិប​ល្បីដូច​ជា FC Tokyo​ នេះ។ ខ្ញុំនឹង​ខិត​ខំព្យាយាម​ឲ្យ​អស់ពីសមត្ថភាព​តាម​ដែលខ្ញុំ​អាច​ធ្វើ​បាន និង​ព្យាយាមដណ្តើម​​លទ្ធផល​​ឲ្យបានល្អ​បំផុត​​»​។ ស្រប​ពេល​ជាមួយគ្នា​នេះ ក្លិប FC Tokyo ក៏​បានបញ្ជាក់​ផងដែរ​ថា ពួក​គេ​បាន​ចុះ​ហត្ថ​លេខា​ជាមួយនឹង​ខ្សែ​បម្រើ Lipe Veloso ដែល​ជា​អតីតកីឡាករ​របស់​ក្លិបប្រេស៊ីល Palmeiras និង​ខ្សែ​ការ​ពារ​អន្តរ​ជាតិកូរ៉េ​ខាងត្បូង Jang Hyun-soo ពីក្លិប Guangzhou R&F​។ Jang ធ្លាប់​បាន​លេង​ឲ្យក្លិប FC Tokyo ពីរ​រដូវកាលមុន​ពេលផ្ទេរ​ទៅកាន់ក្លិប Guangzhou កាលពីឆ្នាំ​2014​​៕

ប្រភពពី៖ Bangkok Post

Advertisement