Man Uted ស្ថិតកាន់​តែ​កៀក​ក្នុង​ការ​ផ្ទេរ Perisic ចេញពីក្លិប Inter

ក្លិប​បិសាចក្រហម Manchester United កំពុង​តែ​ស្ថិតយ៉ាង​ប្រកៀក​ក្នុង​ការ​ចុះហត្ថ​លេខា​ជា​មួយនឹង​ខ្សែ​ប្រយុទ្ធ Ivan Perisic​។ នេះ​បើយោង​ទៅ​តាម​កាសែត The Independent​។

ក្លិប​បិសាចក្រហម​មួយនេះបាន​ធ្វើការងារទាក់​ទង​នឹង​ការ​ផ្ទេរ Perisic ពី​ក្លិប Inter Milan អស់រយៈ​ពេល​ជា​ច្រើនខែមក​ហើយ ហើយបច្ចុប្បន្ន អ្វី​ៗ​ហាក់​កំពុង​តែមានភាពច្បាស់លាស់ និងមាន​ដំណើរ​ការ​ទៅមុខហើយ​។ ក្លិប Inter របស់​ក្រប​ខ័ណ្ឌ Serie A បាន​ដាក់​តម្លៃ​ខ្លួន ​50លានផោន (ស្មើ​នឹង​ 64​លាន​​ដុល្លារ​អាមេរិក) សម្រាប់ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​រូបនេះ ប៉ុន្តែក្រុម Man United ដែល​ជាម្ចាស់​ជើង​ឯកក្រប​ខ័ណ្ឌ Europa League នៅ​តែ​ជឿ​ជាក់​ថា ពួកគេអាចនាំ​យក Perisic វ័យ​28​ឆ្នាំក្នុងតម្លៃខ្លួន​តិច​ជាង​នេះបាន ពោលគឺ​ច្រើន​ជាង​ 45លានផោន​។

វា​ត្រូវ​បាន​គេផ្សព្វផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ក្រូអាស៊ីរូបនេះ បានយល់​ព្រម​ទៅលើលក្ខ​ខណ្ឌផ្ទាល់​ខ្លួន​រួច​ជាស្រេចហើយ ជាមួយ​ក្លិប Man United​។ Man United បាន​បញ្ជាក់​ថា ពួក​គេ​ជឿ​ជាក់​ថា ការ​ផ្ទេរនេះ​អាច​នឹង​​ត្រូវ​បំពេញ​ជាផ្លូវការ និង​ថា ក្លិប​របស់​អង់គ្លេសមួយ​នេះកំពុង​តែ​​សម្លឹង​រកការ​​ឆ្លើយ​តប​ទៅនឹងការ​ទាម​ទារ​របស់ក្លិប Inter ក្នុង​រយៈ​ពេល​ខាងមុខនេះ ដើម្បី​ធា​នាថា Perisic នឹង​បាន​ផ្ទេរ​ទៅកាន់​កីឡដ្ឋាន Old Trafford នៅ​រដូវកាល​ក្រោយ​។ លោក Luciano Spalletti ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Inter ចង់​ឲ្យកីឡាករ​រូបនេះបន្ត​​នៅ​ ប៉ុន្តែ Perisic ពិត​ជា​ចង់​ផ្ទេរ​ទៅកាន់​កីឡដ្ឋាន Old Trafford​។

លោក Jose Mourinho ចង់​ធ្វើការ​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​លោក​ជាមួយ​នឹង​​ខ្សែ​ប្រយុទ្ធ​វ័យ ​28​ឆ្នាំ​រូបនេះ ដែល​នឹង​ត្រូវ​​រ៉ាប់​រងក្នុង​តំបន់​ប្រយុទ្ធ​យ៉ាងល្អ​​។ អ្នក​ចាត់​​ការ​ទូទៅ​​របស់​ក្លិប Man United រូបនេះ នៅ​តែ​មិន​មាន​ភាពច្បាស់លាស់​ទៅលើ​សមត្ថ​ភាព​របស់​កីឡាករ Anthony Martial, Henrikh Mkhitaryan និង Jesse Lingard​​​៕
ប្រភពពី៖ Daily Mail

Advertisement