លោក Pardew ត្រៀម​ពង្រឹង​តំបន់​ប្រយុទ្ធ ក្រោយ​តែងតាំង​ជា​គ្រូបង្វឹក West Brom

លោក Alan Pardew ដែលជា​គ្រូបង្វឹក​ទើបតែ​តែងតាំង​ថ្មី បាន​បញ្ជាក់ថា West Brom «នឹង​លេង​ប្រកបដោយ​ការ​វាយ​សម្រុក​ជានិច្ច» បើទោះបី​ការព្យាយាម​នោះ​នឹងធ្វើ​ឲ្យ​ពួកគេ​អាច​នឹង​ហូរឈាម​តាម​ច្រមុះ​ក៏ដោយ។

គ្រូបង្វឹក​វ័យ56ឆ្នាំ​រូបនេះ​បាន​ចូលមក​ជំនួស​កន្លែង​របស់លោក Tony Pulis គ្រូបង្វឹក​ចាស់​ដែល​ត្រូវបាន​បណ្តេញចេញ​កាលពី​ថ្ងៃ​ពុធ ក្នុង​កិច្ចសន្យា​មួយ​ដែល​នឹង​បន្ត​រហូតដល់​ចុងរដូវ​កាល​ឆ្នាំ2019-2020។ លោក Pulis ត្រូវបាន​គេ​រិះគន់​ទៅលើ​ទម្រង់​លេង​របស់​ក្រុម ខណៈដែល​ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បានត្រឹមតែ9គ្រាប់​គត់ ក្នុងចំណោម​ការប្រកួត​លី​ក12លើកចុងក្រោយ​របស់​ពួកគេ។

លោក Pardew បាន​ឲ្យ​ដឹងថា៖ «រឿង​ដ៏​សំខាន់បំផុត​នោះ​គឺ​ការ​ឈ្នះ​ការប្រកួត។ លោក Tony បាន​ដឹកនាំ​យ៉ាង​ល្អ និង​មាន​លក្ខណៈផ្សេង​ពី​ខ្ញុំ។ ខ្ញុំ​សង្ឃឹមថា នឹងធ្វើ​ឲ្យ​ក្រុម​នេះ​មាន​សេរីភាព​ជាង​មុន​បន្តិច»។ West Brom បាន​កត់ត្រា​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក2លើកដំបូង​របស់គេ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ ចាប់តាំងពី​ពេលនោះ​មក មិន​បានទទួល​ជ័យជម្នះ​ឡើយ និង​បន្ត​ជួប​ភាព​ត្រដាបត្រដួស​ជា​បន្តបន្ទាប់ ដែល​នាំ​ឲ្យ​មានការ​បណ្តេញ​លោក Pulis ចេញពី​តំណែង​តែម្តង ក្រោយពី​ពួកគេ​រកបាន​ត្រឹមតែ 12ពិន្ទុ​គត់​ពី​ការប្រកួត 21លើក។ លោក Pardew បាន​ឲ្យ​ដឹងថា៖ «ចំណុច​ដ៏​ខ្លាំង​បំផុត​របស់ខ្ញុំ គឺ​ផ្តោតទៅលើ​ការលេង​ទៅមុខ​ជានិច្ច និង​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជាច្រើន​ស្ថិតក្រោម​សម្ពាធ។ ពេលខ្លះ អ្នកនឹង​ត្រូវ​ឈាម​ច្រមុះ​ក្នុង​ការធ្វើ​បែប​នោះ ហើយ​នោះ​គឺជា​អ្វីដែល​ខ្ញុំ​នឹង​ផ្តល់​ឲ្យ​នៅទីនេះ​ក្នុង​ក្លិប West Brom»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «បញ្ហា​ប្រឈមមុខភ្លាមៗពេលនេះ គឺ​ការផ្អាក​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់ ទទួលបាន​ពិន្ទុ​នៅលើ​តារាង និង​ធ្វើ​ឲ្យ​ខ្លួន​យើង​ស្ថិតក្នុង​ទីតាំង​ដែល​យើង​អាច​ព្យាយាម​ប្រជែង​ចំណាត់ថ្នាក់​កំពូល​ទាំង1០ ប្រសិនបើ​អាច»៕

ប្រភពពី៖ BBC

Advertisement