Bayern នាំ​យក James ពីក្លិប Real ក្នុង​លក្ខ​ខណ្ខ​2​

ក្លិប​យក្ស​​អាល្លឺ​ម៉ង់ Bayern Munich បាន​ចុះហត្ថលេខា​ជាមួយនឹង​តា​រាឆ្នើម James Rodriguez របស់​ក្លិប Real Madrid ក្នុងកិច្ច​សន្យា​ខ្ចី​ជើង​រយៈ​ពេល​2​ឆ្នាំ ជា​មួយនឹង​ជម្រើសក្នុងការ​ទិញ​ដាច់​​តែម្តង។ ក្លិប​ Manchester United, Paris Saint-Germain, Chelsea និង Juventus សុទ្ធ​សឹង​ជាក្លិប​ដែលបានធ្វើការ​ទាក់​ទង​ចង់បានខ្សែ​បម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​កូ​ឡុំ​ប៊ី​វ័យ ​25​ឆ្នាំ​រូប​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ ខណៈ​ដែលលោក Florentino Perez ប្រធាន​ក្លិប Real Madrid ចង់បាន​តម្លៃខ្លួនយ៉ាង​ហោច​ណាស់​​​70លាន​អឺ​រ៉ូ (ស្មើ​នឹង​80លាន​ដុល្លារ​អាមេ​រិក​)​សម្រាប់កីឡាករម្នាក់នេះ។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាងណា លោក Carlo Ancelotti គ្រូ​បង្វឹកនៃក្រុម Bayern បាន​ដាក់​សំណើ​ដេញថ្លៃ​ដោយជោគ​ជ័យ​ដើម្បីនាំ​យក​អតីត​​កីឡាករ​ម្នាក់​ដែល​​​លោក​​ធ្លាប់បាន​បង្វឹក​​​ក្នុង​ពេល​ដឹកនាំ​នៅក្លិប Real Madrid កាលពី​រដូវកាលឆ្នាំ2014-2015 ស្រប​ពេល​ដែល​ក្លិប​ទាំងពីរ​បាន​យល់​ព្រមលើ​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​រយៈពេល​2​ឆ្នាំ ជា​មួយ​នឹង​​ជម្រើស​ក្នុង​ការ​ទិញ​យក​ដាច់​​នៅ​ខែមិថុនា ឆ្នាំ​2019​។

លោក Christian Falk អ្នក​យក​ព័ត៌មាន​ឲ្យ​កា​សែត Sport Bild បាន​បញ្ជាក់​ថា ក្លិប Bayern បាន​យល់ព្រម​​លើតម្លៃ​ខ្លួន​​ខ្ចី​ជើង​ប្រចាំ​ឆ្នាំ​ចំនួន​5​លាន​អឺ​រ៉ូ ហើយ​អាចនឹង​ចំណាយក្នុង​ទឹក​ប្រាក់​35.2លានអឺ​រ៉ូ ដើម្បី​ទិញ​យក​ដាច់តែម្តង​។ លោក Karl-Heinz Rummenigge ប្រធាន​ក្លិប​របស់ Bayern បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​រីករាយ​ណាស់​ដែលយើង​បាន​​បំពេញ​ការ​ផ្ទេរ​មួយនេះ​​។ ការ​ចុះ​ហត្ថ​លេខា​ជាមួយ​នឹង James Rodriguez គឺ​ជា​បំណង​ដ៏​ធំមួយ​ពី​អ្នក​ចាត់​ការ​ទូទៅ​របស់​លោក​គឺលោក Carlo Ancelotti ក្រោយពី​ពួក​គេ​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជោគ​ជ័យកាល​​នៅ​ក្លិប Real Madrid​»​។ James បាន​ជួប​ទាំង​ភាព​រីក​រាយ និង​ខក​ចិត្ត​ក្នុង​រយៈ​ពេល​3​ឆ្នាំ​នៅ​ឯ​ក្លិប​ Real ចាប់​តាំងពីផ្ទេរ​មកពីក្លិប Monaco ក្នុង​តម្លៃ​ខ្លួន​80​លាន​​អឺ​រ៉ូ ក្រោយ​ពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​2014​​៕
ប្រភព​ពី៖ ESPN

Advertisement