Swansea ដាក់​តម្លៃខ្លួន​​ខ្សែ​បម្រើ​ឆ្នើម Sigurdsson 50​លានផោន​

ក្លិប Swansea City បាន​ដាក់​តម្លៃខ្លួន​50​លាន​ផោន (ស្មើ​នឹង​64.4​លានដុល្លារ​អាមេ​រិក) ទៅលើ​ខ្សែ​បម្រើ​ដ៏ឆ្នើម Gylfi Sigurdsson​។

 

ការ​​ដាក់តម្លៃខ្លួន​នេះកើត​ឡើងស្រប​ពេល​ដែល​​ខ្សែ​បម្រើអន្តរ​ជាតិ​អ៊ី​ស្លង់ Sigurdsson បន្ត​ស្ថិតក្នុង​ការ​ទាក់​ទង​ជាមួយ​នឹងការផ្ទេរ​ទៅកាន់ក្លិប Everton និង Leicester​។ ក្លិប Swanseaនៅ​តែ​រក្សាការ​ទាម​ទារ​តម្លៃ​ខ្លួន​យ៉ាង​ខ្ពស់​សម្រាប់ Sigurdsson ដែល​បាន​ជាប់​ជាកីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំរ​បស់​ក្លិបនេះ​ក្នុង​យុទ្ធនាការ​2លើក​​ជាប់​ៗ​គ្នា កាល​ពី​រដូវកាល​មុន​។ ខ្សែ​បម្រើ​​វ័យ​27ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទីក្នុងការប្រកួតលីក​ចំនួន​9​គ្រាប់​ និង​ជួយ​ឲ្យ​មិត្ត​រួមក្រុម​រក​បាន​13​​គ្រាប់​ផ្សេង​ទៀត សម្រាប់ក្រុម Swansea ដែល​បាន​ចំណាយ​ពេលកាល​ពី​រដូវកាល​មុន ដោយ​ការ​ប្រជែង​គេច​ឲ្យ​ផុតពី​តំបន់​កាត់ចោល​។ វា​ត្រូវ​បាន​គេមើលឃើញ​ថា ក្លិប Swansea ចង់​បាន​តម្លៃ​ខ្លួន​40​លាន​ផោន ប្រសិន​បើ​ពួកគេ​ចង់​លក់ Sigurdsson ប៉ុន្តែតម្លៃខ្លួននោះ​ត្រូវ​បាន​ត្រួត​ពិនិត្យឡើងវិញ​នៅពេលនេះដោយ​សារ​តែ​ការ​ទិញ​ចូលកីឡាករ​ហាក់ដូច​ជា​​​ស្ថិតក្នុង​តម្លៃខ្លួន​ខ្ពស់​នៅ​រដូវក្តៅនេះ​​។ Sigurdsson នៅ​សល់​រយៈ​ពេល​3ឆ្នាំ​ទៀត​ក្នុង​កិច្ច​សន្យា​របស់​គេ ក្រោយ​ពីបាន​ចុះ​ហត្ថ​លេខាលើកុង​ត្រា​ថ្មីមួយកាលពី​ខែ​សីហា ឆ្នាំ​មុន​។ រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​30​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​112លើកចាប់​តាំងពីក្លិប Swansea បាន​ទិញ​រូប​គេ​ពីក្លិប Tottenham ក្នុង​តម្លៃខ្លួន​6.8លានផោន កាល​ពី​ខែកក្ក​ដាឆ្នាំ​2014​។ លោក Huw Jenkins ប្រធានក្លិប Swansea បានប្រកាស​កាល​ពី​ខែកុម្ភៈ​ថា Sigurdssonបាន​ទទួល​សំណើ​ជាច្រើន​អំឡុងពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​​កាលពី​ពេលមុនស្រប​ពេល​ដែលការ​​ចាប់អារម្មណ៍ផ្សេង​ៗ​បាន​​​កើត​ឡើង​​ទាំង​លីកក្នុង​ស្រុក និង​ក្រៅ​ស្រុក​៕

ប្រភព​ពី៖ The Guardian

Advertisement