Theo សប្បាយចិត្ត ក្រោយ​​ផ្ទេរ​ពី Atletico ទៅ Real រួចរាល់

Theo Hernandez បាន​និយាយ​ថា រូបគេ​ពិត​ជា​រីករាយ​ណាស់ក្នុង​ការ​ស្ថិតនៅជាមួយ​ក្លិប​ដ៏អស្ចារ្យ​បំផុតក្នុង​ពិភព​លោក ក្រោយ​ពី​ត្រូវ​បានប្រកាស​ថាជា​កីឡាករ​ចំណូ​លថ្មី​ដំបូង​គេ​របស់​ក្លិប Real Madrid នា​រដូវក្តៅនេះ​។

ខ្សែ​ការ​ពារ​វ័យ​19​ឆ្នាំ​រូបនេះបាន​ផ្ទេរ​មកពី​ក្លិ​ប​ស្ថិតក្នុង​ទីក្រុង​​ Atletico ក្នុង​តម្លៃ​ខ្លួន​30លានអឺ​រ៉ូ(ស្មើ​នឹង​34.14​លាន​ដុល្លារ​អាមេ​រិក)​ ក្រោយពីក្លិប Real បាន​ចំណាយ​ប្រាក់​ទិញ​រំលាយកិច្ច​សន្យា​របស់​គេ​។ ខ្សែ​ការពារ​សញ្ជាតិ​បារាំង​រូបនេះមិន​បាន​លេង​ឲ្យក្រុម Atletico របស់​លោក Diego Simeone ទេ ប៉ុន្តែរូប​គេ​បានប​ង្ហាញពី​ទម្រង់លេងយ៉ាងល្អអំឡុង​ពេល​ស្ថិត​ជាកីឡាករ​កម្ចី​នៅ​ឯ​ក្លិប Alaves កាល​ពី​រដូវកាល​មុន​។ Hernandez ត្រូវ​បាន​ប្រកាស​ថា ជាកីឡាករ​របស់​ក្លិប Real ក្នុង​កម្ម​វិធី​មួយ​ដែល​​បាន​ចាប់ផ្តើម​តាមរយៈ​ការ​ចាក់​បញ្ចាំង​ពី​រូបភាព​វី​ដេ​អូមួយ​ដើម្បី​បង្ហាញពី​អាជីព​របស់​គេ​។

លោក Perez ប្រធាន​ក្លិប Real បាន​ឲ្យ​ដឹង​ថា៖ «សូម​អប​អរ​សា​ទរ ពី​ព្រោះ​​ពេល​នេះអ្នកជា​កីឡាករ​របស់​ក្លិប Real Madrid ហើយ ហើយ​ការ​ផ្ទេរ​នេះកើតឡើង​ដោយ​សារ​​តែ​ទេពកោសល្យ និង​បុគ្គ​លិក​លក្ខណៈ​របស់​អ្នក និងទាំង​អស់​នោះ​សុទ្ធ​​សឹង​ជា​អ្វី​ដែល​អ្នក​បានប​ង្ហាញ បើ​ទោះ​បីស្ថិតក្នុង​វ័យ​ក្មេង​ក៏ដោយ​»​។ Hernandez បានប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប និង​រីក​រាយណាស់​ក្នុងការ​​ស្ថិតក្នុង​ក្លិប​ដ៏​​ធំ​បំផុត​ក្នុង​ពិភព​លោក​។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​​​អ្នក​គាំ​ទ្រ​ចំពោះ​រាល់​ការ​គាំ​ទ្រ​ដែល​ពួកគេ​ផ្តល់​ឲ្យ​ខ្ញុំ​។ ក្រុម​ជាច្រើន​ចង់​បាន​ខ្ញុំ ប៉ុន្តែជម្រើស​ដ៏ល្អ​បំផុត​គឺការ​ចូល​រួម​ជា​មួយ​នឹង​ក្លិប Real Madrid​»​​៕

ប្រភព​ពី៖ Daily Mail

Advertisement