ប្រទេស​កាតា ​អាច​រកចំណូលបាន 17 ពាន់​លាន​ដុល្លារ​ពី World Cup 2022

World Cup ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​ធំ​សម្រាប់ ប្រទេស​កាតា ក្នុងនោះ ភាគច្រើន​ស្ថិតក្នុង​វិស័យ​សំណង់ និង​ទេសចរណ៍។

Nasser AI Khater ប្រធាន FIFA World Cup Qatar 2022 បាន​ប្រាប់ Bloomberg ថា ប្រទេស​កាតា គ្រោង​នឹង​ទាក់ទាញ​ភ្ញៀវ​បាន​ពី 1 ទៅ 1.5 លាន​នាក់​នៅក្នុង​រដូវ World Cup ឆ្នាំនេះ។ ដូច្នេះ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ធំជាងគេ​ក្នុង​ពិភពលោក​នេះ អាច​នាំមក​នូវ​ប្រាក់ចំណូល​ឱ្យ កាតា 17 ពាន់​លាន​ដុល្លារ​អាម៉េរិក (ទាប​ជាង​បន្តិច ធៀប​នឹង​ការ​ព្យាករ 20 ពាន់​លាន​ដុល្លារ​មុន​នោះ)។

តួលេខ​ដែល​ប្រធាន FIFA World Cup Qatar 2022 បានលើកឡើង​គឺ​ប្រហាក់ប្រហែល​នឹង 10% នៃ GDP ឆ្នាំ 2021 របស់ កាតា។ Hassan AI Thawadi ដែលជា​អគ្គលេខាធិការ​នៃ​គណៈកម្មការ​ទទួលបន្ទុក​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់ World Cup 2022 បាន​និយាយថា ការ​គណនា​ខាងលើ​គឺជា​លទ្ធផល​មួយ​នៃ «ការស្រាវជ្រាវ​ជាន់ខ្ពស់»។ ក៏ប៉ុន្តែ ការ​ព្យាករ​លម្អិត​នឹង​ពិបាក​ប៉ានស្មាននា​​បច្ចុប្បន្ន។

World Cup ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​ធំ​សម្រាប់ ប្រទេស​កាតា ក្នុងនោះ ភាគច្រើន​ស្ថិតក្នុង​វិស័យ​សំណង់ និង​ទេសចរណ៍។ លោក Hassan AI Thawadi ឱ្យដឹងថា World Cup «នឹង​ដើរតួ​ជា​ក្បាលម៉ាស៊ីន​ជំរុញ និង​ព​ន្លឿ​ន​សម្រាប់​គំនិត​ផ្ដួចផ្ដើម​ដែល​រដ្ឋាភិបាល​បាន​សន្យា​អនុវត្ត និង​បាន​រៀប​ផែនការ​ពីមុន ទោះជា​ការអភិវឌ្ឍ​ទីក្រុង ឬ​ពិពិធ​កម្ម​សេដ្ឋកិច្ច»។

កាតា ចង់​ប្រើប្រាស់​ព្រឹត្តិការណ៍ World Cup 2022 ដើម្បី​ឃោសនា​ប្រទេស​របស់ខ្លួន ក្នុង​បំណង​ជំរុញ​កំណើនសេដ្ឋកិច្ច ក្នុងនោះ ការទាក់ទាញ​ភ្ញៀវ​បរទេស​ដែលជា​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​ត្រូវបាន​យកចិត្តទុកដាក់​ជាងគេ។

កីឡដ្ឋាន​បាល់​ទាត់​ Ahmed bin ali នៅ ប្រទេស​កាតា

បន្ទប់​រាប់ពាន់​ក្នុង​បណ្ដា​សណ្ឋាគារ​លំដាប់​ខ្ពស់​ត្រូវបាន​ទុក​សម្រាប់តែ​ក្រុមមន្ត្រី FIFA និង​កីឡាករ​បាល់ទាត់។ លោក AI Khater បានឱ្យដឹងថា ប្រទេស​​កាតា ក៏​នឹង​បង្កើន​ចំនួន​បន្ទប់​សម្រាប់​ទេស​ចរ​ផងដែរ។ ជា​សរុប កាតា បាន​ចំណាយ​ប្រហែល 200 ពាន់​លាន​ដុល្លារ​សម្រាប់​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ បណ្ដា​គម្រោង​ដទៃ រាប់​ចាប់តាំងពី​ដណ្ដើមបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក (World Cup)។

ក៏ប៉ុន្តែ មនុស្ស​ជាច្រើន​មានការ​បារម្ភ​ថា World Cup នៅ កាតា នឹង​មិនសូវ​ «គគ្រឹក​គគ្រេង» ព្រោះតែ​វិន័យ​សាសនា​អ៊ីស្លាម ដែល​ប្រកាន់​តឹង​តាំងពី​ការ​ស្លៀកពាក់ រហូតដល់​ភេសជ្ជ​មាន​ជាតិ​អាល់កុល។

ទោះជា​យ៉ាងណាក៏ដោយ លោក Al Thawadi បាន​បញ្ជាក់ថា វិស័យ​ឯកជន​នឹងមាន​សិទ្ធិ​សម្រេច​លើ​ការផ្ដល់​សម្លៀកបំពាក់​ដ​ល់​អតិថិជន។ ចំណែក​ស្រា​ក៏​នឹងត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នៅក្នុង​ទីតាំង​​ដែល​បានកំណត់ ដូចជា​ទីតាំង​សម្រាប់​អ្នកគាំទ្រ​បាល់ទាត់​ជាដើម៕

Advertisement