Lacazette ទៅទីក្រុងឡុងដ៍ ដើម្បីបំពេញការផ្ទេរទៅកាន់ Arsenal

Alexandre Lacazette នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីបំពេញការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបនៅ Arsenal ក្រោយពីក្លិបកាំភ្លើងធំមួយនេះ បានយល់ព្រមលើតម្លៃខ្លួន52លានផោន (ស្មើនឹង67.6លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធរូបនេះ។

Arsenal បានយល់ព្រមបង់ប្រាក់ជាបឋមចំនួន46លានផោន ទៅឲ្យក្លិប Lyon ដើម្បីទិញយក Lacazette ដែលនឹងបំបែកកំណត់ត្រាផ្ទេរកាលពីមុនក្នុងតម្លៃខ្លួន42.5លានផោនដែលកាំភ្លើងធំបានចំណាយទិញខ្សែបម្រើ Mesut Ozil ពីក្លិប Real Madrid កាលពីឆ្នាំ2013។ Lyon អាចនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន6លានផោនផ្សេងទៀត សម្រាប់ការផ្ទេរមួយនេះ។ ស្របពេលលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗត្រូវបានឈានដល់រួចជាស្រេច Lacazette បច្ចុប្បន្ននឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីបំពេញការពិនិត្យសុខភាព និងដើម្បីចុះហត្ថលេខាជាផ្លូវការជាមួយនឹងក្លិប Asenal។

លោក Jean-Michel Aulas ដែលជាម្ចាស់ក្លិប Lyon បានប្រកាសពីការចាកចេញរបស់ Lacazette តាមរយៈការបញ្ជាក់ថា៖ «ការផ្ទេររបស់ Alexandre Lacazette ទៅកាន់ Arsenal អាចនឹងដំណើរការក្នុងរយៈពេលមួយថ្ងៃឬពីរថ្ងៃទៀត។ ពិតណាស់ វាជាការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ Arsenal ហើយក៏សម្រាប់ក្លិប Lyon ផងដែរ»។ Lacazette បានស៊ុតបាល់បញ្ចូលទីច្រើនជាង20គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 រាល់រដូវកាលទាំង3លើកចុងក្រោយរបស់គេសម្រាប់ Lyon និងបានស៊ុតបាល់បញ្ចូលទីសរុប129គ្រាប់ក្នុងការបង្ហាញខ្លួន 275លើកសម្រាប់ក្លិបរបស់បារាំងមួយនេះ៕
ប្រភពពី៖ The Telegraph

 

Advertisement