Chelsea យល់​ព្រម​លើ​តម្លៃ​ខ្លួន​38​​លាន​អឺ​រ៉ូ​​​ដើម្បី​ទិញ​ Rudiger ពី​ក្លិប Roma

ក្លិប​តោ​ខៀវ Chelsea បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ជា​មួយ​នឹង​ក្លិប Roma ក្នុង​ទឹក​​ប្រាក់​38​លាន​​អឺ​រ៉ូ (ស្មើ​នឹង​43.4​លាន​ដុល្លារ​អាមេ​រិក) ដើម្បី​ទិញ​យក Antonio Rudiger ខណៈ​ដែល​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់​រូប​នេះ ត្រូវ​បាន​គេរំពឹង​ទុក​ថា នឹង​ធ្វើ​ដំណើរ​​ទៅកាន់​ទីក្រុង​ឡុងដ៍​នៅ​សប្តាហ៍​ក្រោយ ដើម្បី​បំពេញ​ការ​​ពិនិត្យ​សុខ​ភាព​។

Roma បាន​​រក្សា​ជំហរ​ដោយ​ចង់​បា​ន​តម្លៃ​ខ្លួន​​45​លានអឺ​រ៉ូសម្រាប់​កីឡាករ​ Rudiger ដែល​ពួក​គេ​បាន​ទិញ​ពីក្លិប Stuttgart កាល​ពី​រដូវ​ក្តៅ​មុនក្រោយ​ពី​កីឡាកររូបនេះ​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​​ក្នុង​ពេល​​ស្ថិត​ជា​កីឡាករ​កម្ចី​ពេញមួយ​រដូវ​កាលរួចមក​​។

ក្រោយ​ពី​​បាន​ច្រាន​ចោល​សំណើ​ជា​បឋម​​របស់ Chelsea ក្នុង​ទឹកប្រាក់​​35​លាន​​អឺ​រ៉ូម្តងរួចមក ក្លិប Roma បាន​យល់ព្រមទទួល​​យក​កញ្ចប់​​តម្លៃ​ខ្លួន​មួយ​ដែល​មាន​​​ន័យ​ថា Chelsea នឹង​​ត្រូវ​ចំណាយ​​ប្រាក់​33​លាន​អឺ​រ៉ូ និង​ប្រាក់​ឧប​ត្ថម្ភ​​បន្ថែម​5​លាន​អឺ​រ៉ូ​ផ្សេង​ទៀត​។ Rudiger ដែល​ជា​ខ្សែ​ការ​ពារ​កណ្តាលប៉ុន្តែអាច​លេង​នៅ​តំបន់​ការ​ពារ​ស្លាប​ស្តាំបានដែរ​នោះ ត្រូវ​បាន​រំពឹង​ទុក​ថានឹង​ទទួល​បាន​ចំណូល​ប្រមាណ​ជា​4​លាន​អឺរ៉ូ ក្នុង​​មួយ​​រដូវ​កាល​។ រូប​គេ​​កំពុង​តែ​លេង​ក្នុង​ព្រឹត្តិការណ៍Confederations Cup ដោយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ត្រូវ​ប៉ះ​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ស៊ីលីក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នា​ថ្ងៃ​អាទិត្យ​នេះ​។ លោក Antonio Conte បាន​ព្យា​យាម​ធ្វើ​ការ​ពង្រឹង​តំបន់​ការ​ពារបើ​ទោះ​បី​បាន​ឈ្នះ​ពាន Premier League កាល​ពី​រដូវ​កាល​​មុន​ក៏​ដោយ និង​បាន​ចាត់​ទុកកីឡាករ​វ័យ​24​ឆ្នាំ​រូប​នេះ ជា​គោល​ដៅ​ដ៏​ចម្បង​របស់​លោកក្រោយ​ពី​ការ​ពិភាក្សា​រឿងផ្សេង​ៗ​ជា​មួយ​នឹង​បុគ្គ​លិក​បច្ចេក​ទេស​របស់ Chelsea រួចមក​៕

ប្រភពពី៖ The Guardian

Advertisement