Pacquiao និង Horn ថ្លឹង​ទម្ងន់​រួច​រាល់ មុន​ពេល​​ប៉ះ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ

កីឡាករ Jeff Horn បាន​ត្រៀម​លក្ខណៈ​រួច​រាល់ក្រោយ​ពី​បាន​ធ្វើ​ការ​ថ្លឹង​ទម្ងន់​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រ​វាត់​នៅ​ថ្ងៃ​អាទិត្យ​ស្អែកនេះ នៅម៉ោង10:30ព្រឹក(ម៉ោង​នៅ​កម្ពុជា) ជា​​មួ​យ​កីឡាករ​សម្បូរ​ដោយ​បទ​ពិសោធ Manny Pacquiao​។

អតីត​គ្រូ​​​បង្រៀន​រូប​នេះ បាន​ឡើង​ជញ្ជីង​ដោយ​ថ្លឹង​ទម្ងន់​បាន​66.3​គីឡូ​ក្រាម ​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះសម្រាប់​ការប្រកួត​ដណ្តើមខ្សែ​ក្រវាត់ WBO ទម្ងន់​66.7​គីឡូ​ក្រាម ស្រប​ពេល​ដែល​ Pacquiao ថ្លឹង​បាន​ទម្ងន់​66.1​គីឡូ​ក្រាម នៅពី​មុខ​អ្នក​យក​ព័ត៌​មាន​ក្នុង​ស្រុក និង​​អន្តរ​ជាតិ​ជា​ច្រើន​ក្នុង​ទីក្រុង Brisbane​។ Horn បានប្រកាស​ថា រូប​គេ​ត្រៀម​លក្ខណៈ​រួច​រាល់ហើយ​សម្រាប់​ការ​ប្រកួត​នេះខណៈ​ដែល​ការ​​រាប់​ថយ​ក្រោយ​នៅ​តែ​​សំដៅឆ្ពោះ​ទៅកាន់ការ​​​ប្រដាល់​ដ៏​​ធំ​បំផុត​ក្នុង​ជីវិត​របស់​គេ​។ កីឡាករ​មិនស្គាល់​ចាញ់​រូប​នេះ ដែល​មាន​កំណត់​ត្រា​ឈ្នះ​16​លើក និង​ស្មើ​​1​លើក​នោះ បាន​ឲ្យ​ដឹង​ថា៖ «ការ​​ប្រកួត​​ចាប់​ផ្តើម​ហើយ​។ អាជីព​នៅ​សា​លា​រៀន​បានបញ្ចប់​ហើយ​។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ល្អ និង​ស្ថិត​ក្នុង​អារម្មណ៍​ស្ងប់ល្អណាស់​»​​។ Horn វ័យ​29​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​​ប្រហែល​ជា​នៅ​តែ​រក្សា​អារម្មណ៍​ស្ងប់​របស់​ខ្ញុំនេះ រហូត​ដល់​ថ្ងៃ​ប្រកួតប៉ុន្តែពិត​ជា​សម្លឹង​ឆ្ពោះ​ទៅកាន់​ការប្រកួត​​នៅ​ទី​​នោះ​នា​ថ្ងៃ​ស្អែក​​នេះ និង​​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​»​។

Pacquiao វ័យ​38​ឆ្នាំ ដែល​មាន​កំណត់​ត្រា​ឈ្នះ​59​លើក ចាញ់​6​លើក និង​ស្មើ​2លើកក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​38​លើក​នោះ បាន​​ចាកចេញ​ពី​កន្លែ​ង​ថ្លឹង​ទម្ងន់​យ៉ាង​​លឿន និង​មិន​បាន​ធ្វើ​ការ​បក​ស្រាយ​អ្វី​ឡើយ ប៉ុន្តែ គ្រូ​បង្វឹក​របស់​តា​រាឆ្នើម​ហ្វីលីពីន​រូប​នេះបាន​អះ​អាង​កាលពីពេលមុន​នេះ​ថា កូន​សិស្ស​របស់គាត់​នឹង​​ផ្តួល​ Horn ​ក្នុង​ទឹក​ណា​មួយមិនខាននៅ​ថ្ងៃ​អាទិត្យ​នេះ​។ ការ​ប្រកួត​នេះ​​នឹង​​​ចាប់​ផ្តើម​នៅម៉ោង​១០:៣០ព្រឹក (ម៉ោង​នៅ​កម្ពុជា)​៕

ប្រភព​ពី៖ abc.net.au

Advertisement