ព័រទុយហ្គាល់ ត្រៀមផ្តល់ការខកចិត្តដល់ស៊ីលី ក្នុង Confed Cup រាត្រីនេះ

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់របស់តារាឆ្នើម Cristiano Ronaldo នឹងសម្លឹងរកការផ្តល់នូវការខកចិត្តមួយដល់ក្រុមជម្រើសជាតិស៊ីលី នៅពេលដែលក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Confederations Cup នៅរាត្រីនេះ។

ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯក Euro ឆ្នាំ2016 បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ1ក្នុងពូល A ដើម្បីឈានទៅជួបក្រុមម្ចាស់ជើងឯក Copa America ស៊ីលី ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 ក្នុងពូល B ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី និងអាល្លឺម៉ង់។ ក្រុមព័រទុយហ្គាល់របស់លោក Fernando Santos បានដណ្តើមចំណាត់ថ្នាក់លេខ1ក្នុងពូល ក្រោយពីបានបំបាក់ក្រុមនូវែលសេឡង់យ៉ាងចាស់ដៃក្នុងលទ្ធផល 4-0 ក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ។

ក្នុងការប្រកួតវគ្គចែកពូល ស៊ីលី ដណ្តើមបានជ័យជម្នះតែ1លើកគត់ ពោលគឺនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិកាមេរូន ដោយបានយកឈ្នះក្នុងលទ្ធផល 1-0 ខណៈដែលព័រទុយហ្គាល់ បានកត់ត្រាជ័យជម្នះ2លើក និងស្មើ1លើក។ ជាមួយគ្នានេះដែរ Ronaldo បានបញ្ជាក់ថា រូបគេ និងមិត្តរួមក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិរបស់គេ ត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ការប្រកួតព្រឹត្តិការណ៍ Confederations Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ តារាឆ្នើមរបស់ក្លិប Real Madrid រូបនេះកំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងប្រទេសរុស្ស៊ី ដោយរូបគេបានជាប់ជាកីឡាករឆ្នើមប្រចាំរៀងរាល់ការប្រកួតក្នុងវគ្គចែកពូលទាំង3លើក ក្រោយពីបានស៊ុតបាល់បញ្ចូលទី2គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន1គ្រាប់ផ្សេងទៀត។

ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិស៊ីលីក៏មានផែនការក្នុងការរារាំង Ronaldo និងក្រុមព័រទុយហ្គាល់ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធនេះដែរ។ ខ្សែបម្រើអន្តរជាតិស៊ីលី Marcelo Diaz ដែលធ្លាប់បានប្រកួតជាមួយនឹង Ronaldo នៅក្នុងក្រុមអេស្ប៉ាញរបស់គេគឺ Celta Vigo បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា៖ «យើងទាំងអស់គ្នាដឹងហើយថា រូបគេជាកីឡាករដ៏អស្ចារ្យម្នាក់។ ហេតុនេះរឿងដែលសំខាន់បំផុតគឺការរារាំងតារាឆ្នើមរូបនោះកុំឲ្យគ្រប់គ្រងបាល់ និងស៊ុតបាល់បញ្ចូលទីបាន»។  ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1រំលងអធ្រាត្រ៕
ប្រភពពី៖ The Guardian

Advertisement