អង់គ្លេស ចាញ់អាល្លឺម៉ង់ដោយប៉េណាល់ទី ខណៈអេស្ប៉ាញបំបាក់អ៊ីតាលីយ៉ាងចាស់ដៃ

ការខកចិត្តស្រដៀងគ្នាមួយបានកើតឡើងម្តងទៀត ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសអាយុក្រោម 21ឆ្នាំ បានធ្លាក់ចេញពីយុទ្ធនាការ European U21 Championship វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារម្សិលមិញ ក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីចាញ់ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល 4-3។

ក្រោយពីការប្រកួតដ៏ស្វិតស្វាញ និងរំភើបបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ដែលអាល្លឺម៉ង់បានបង្កើតឲ្យមានឱកាសស៊ុតបញ្ចូលទីជាច្រើននោះ ក្រុមជម្រើសជាតិអង់គ្លេសដែលធ្លាប់ជួបការខកចិត្តក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ1990 និង Euro ឆ្នាំ1996 ក្រោមស្នាដៃអាល្លឺម៉ង់រួចមកហើយនោះ បានជួបនូវការខកចិត្តម្តងទៀតក្នុងការស៊ុតបាល់ប៉េណាល់កាត់សេចក្តី។ កីឡាករ Nathan Redmond និង Tammy Abraham សុទ្ធសឹងបានស៊ុតបាល់មិនចូលទី ខណៈដែលអ្នកចាំទី Julian Pollersbeck បានសង្គ្រោះបាល់យ៉ាងងាយស្រួលពីការស៊ុតស្រាលៗរបស់ក្រុមអង់គ្លេស ដើម្បីជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់របស់ខ្លួនឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro Under-21។

អាល្លឺម៉ង់ បានធ្វើការគ្រប់គ្រងស្ទើរតែទាំងស្រុង ខណៈដែលអង់គ្លេសបានផ្តោតតែលើតំបន់ការពារក្រោយពីរកបានគ្រាប់បាល់បញ្ចូលទីរបស់ពួកគេរួច។ ក្រុមអង់គ្លេសរបស់លោក Aidy Boothroyd មានឱកាសគ្រប់គ្រងបាល់ត្រឹមតែ 13លើកប៉ុណ្ណោះ ហើយអាល្លឺម៉ង់មានឱកាសស៊ុតបាល់សំដៅទីដល់ទៅ 38លើក។ លោក Boothroyd គ្រូបង្វឹករបស់ក្រុមយុវជនអង់គ្លេសអាយុក្រោម 21ឆ្នាំ បានឲ្យដឹងថា៖ «យើងពិតជាខកចិត្តខ្លាំងណាស់។
វាពិតជារឿងដ៏គួរឲ្យសោកស្តាយមួយចំពោះការចាញ់ដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយពីមានភាពប្រកៀកប្រកិតគ្នាបែបនេះ។ យើងបានខិតខំព្យាយាមយ៉ាងខ្លាំងមុននឹងឈានមកកាន់យុទ្ធនាការនេះ ហើយកីឡាករជាច្រើនបានប្រឹងអស់ពីសមត្ថភាពរបស់ពួកគេ»។

ស្របពេលជាមួយគ្នានេះដែរ រវាងអេស្ប៉ាញ និងអ៊ីតាលី ខ្សែបម្រើ Saul Niguez របស់ក្លិប Atletico Madrid បានស៊ុតបាល់បញ្ចូលទី3គ្រាប់ ខណៈដែលក្រុមជម្រើសជាតិអេស្ប៉ាញអាយុក្រោម21ឆ្នាំ បានផ្តួលក្រុមជម្រើសជាតិអ៊ីតាលីយ៉ាងចាស់ដៃក្នុងលទ្ធផល 3-1 ក្នុងការប្រកួតគូទី2នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារកន្លងមកនេះដែរ។
ហេតុនេះធ្វើឱ្យអាល្លឺម៉ង់នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Krakow ប្រទេសប៉ូឡូញនៅថ្ងៃសុក្រខាងមុខនេះ៕

ប្រភពព័ត៌មាន៖ The Sun

 

Advertisement