Matic ត្រៀមពិនិត្យសុខភាពមុនពេលបំពេញការផ្ទេរពី Chelsea ទៅ Man Utd

ខ្សែបម្រើការពារ Nemanja Matic របស់ក្លិបតោខៀវ Chelsea នឹងត្រូវធ្វើការត្រួតពិនិត្យសុខភាពជាមួយនឹងក្លិបបិសាចក្រហម Manchester United ក្នុងរយៈពេល48ម៉ោងទៀត។

កាសែត The Sun បានចេញផ្សាយកាលពីថ្ងៃចន្ទថា ខ្សែបម្រើរូបនេះនឹងត្រូវចូលរួមជាមួយនឹង Man United ក្នុងតម្លៃខ្លួន40លានផោន (ស្មើនឹង50.88លានដុល្លារអាមេរិក) ជាតម្លៃខ្លួនដែលក្លិប Chelsea និង Man United បានព្រមព្រៀងគ្នា។ ដោយឡែកគេហទំព័រ The Guardian បានចេញផ្សាយថា ការផ្ទេរនេះនឹងត្រូវបំពេញនៅប៉ុន្មានថ្ងៃខាងមុខទៀត ខណៈដែល Matic បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរបស់គេរួចស្រេចហើយទៅលើកុងត្រាមួយដែលផ្តល់ចំណូល155,000ផោនក្នុងមួយសប្តាហ៍ដល់រូបគេ បើទោះបីការស្លាប់របស់លោក Felix Mourinho ដែលជាឪពុករបស់លោកគ្រូបង្វឹក Jose Mourinho អាចនឹងពន្យារពេលដល់ដំណើរការនេះក៏ដោយ។


អ្នកចាត់ការទូទៅរូបនេះកំពុងតែស្ថិតក្នុងប្រទេសព័រទុយហ្គាល់ ដើម្បីរៀបចំពិធីបុណ្យសព ប៉ុន្តែ Matic ត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខានៅមុនពេលក្រុម Man United ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ដំណើរប្រកួតមុនបើករដូវកាលនាថ្ងៃទី9 ខែកក្កដា ខាងមុខនេះ។ Matic បានចូលរួមជាថ្មីជាមួយនឹងក្លិប Chelsea កាលពីឆ្នាំ2014 ក្នុងតម្លៃខ្លួន21លានផោនពីក្លិប Benfica ក្នុងពេលដែលលោក Mourinho នៅដឹកនាំក្នុងក្លិបតោខៀវមួយនេះនៅឡើយ ខណៈដែលរូបគេបានក្លាយជាសមាជិកដ៏សំខាន់ក្នុងពេលដែល Chelsea បានឈ្នះពាន Premier League កាលពីរដូវកាលមុន។ ប៉ុន្តែដំបូងឡើយ ការចូលរួមរបស់ Matic ជាមួយនឹងក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ មិនបានទទួលជោគជ័យឡើយ ក្រោយពីរូបគេបានផ្ទេរមកពីក្លិបស្លូវ៉ាគី Kosice កាលពីឆ្នាំ2009 មុននឹងផ្ទេរទៅកាន់ព័រទុយហ្គាល់ក្នុងឆ្នាំ2011។ ជាមួយនឹងក្លិប Chelsea រូបគេបានបង្ហាញខ្លួន121លើក និងបានស៊ុតបាល់បញ្ចូលទី4គ្រាប់៕
ប្រភពពី៖ Independent

Advertisement