អាល្លឺម៉ង់ និងស៊ីលី ដឹកដៃគ្នាទៅកាន់វគ្គ1/2ផ្តាច់ព្រ័ត្រនៃ Confederations Cup

ក្រុមបាល់ទាត់ជម្រើសជាតិស៊ីលី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងពូល B ដើម្បីឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ Confederations Cup វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងការប្រកួតចុងក្រោយនៃពូលរបស់ពួកគេ។

ហេតុនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯក Euro ឆ្នាំ2016បច្ចុប្បន្ននឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ីលី នៅវគ្គ4ក្រុមចុងក្រោយ នៅថ្ងៃពុធខាងមុខនេះ។

ក្រុមជម្រើសជាតិអូស្ត្រាលីបានរកគ្រាប់បាល់នាំមុខមុនតាមរយៈខ្សែបម្រើស្លាប James Troisi នៅមុនពេលកីឡាករបម្រុង Martin Rodriguez របស់ស៊ីលីបានរកគ្រាប់បាល់តាមស្មើវិញ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ បានឡើងទៅឈរពីលើក្រុមជម្រើសជាតិស៊ីលី ក្រោយពីបានកត់ត្រាជ័យជម្នះ 3-1 លើក្រុមជម្រើសជាតិកាមេរូន ហើយនិងត្រូវលេងជាមួយនឹងក្រុមជម្រើសជាតិម៉ិកស៊ិក នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។

ខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលខ្សែបម្រើ Kerem Demirbay ក៏បានស៊ុតបាល់បញ្ចូលទីសម្រាប់គ្រាប់ទី3ឱ្យក្រុមដែលគ្មានបទពិសោធរបស់អាល្លឺម៉ង់ផងដែរ។ ខ្សែប្រយុទ្ធ Vincent Aboubakar របស់កាមេរូន បានរកគ្រាប់បាល់វាយបកមួយគ្រាប់វិញ ប៉ុន្តែ ពួកគេនៅតែត្រូវបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងនៃពូល ដោយទទួលបានលទ្ធផលស្មើតែមួយលើកគត់ពីការប្រកួតជាមួយនឹងក្រុមអូស្ត្រាលី ដើម្បីទទួលបានតែ1ពិន្ទុគត់។

លោក Joachim Loew គ្រូបង្វឹករបស់អាល្លឺម៉ង់ បានឲ្យដឹងថា៖ «ខ្ញុំត្រូវតែនិយាយថា ខ្ញុំពិតជាមានមោទនភាពណាស់ និងពោរពេញដោយការកោតសរសើរដល់ក្រុមនេះ សម្រាប់ការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យើងមិនបានរំពឹងទុកពីលទ្ធផលបែបនេះពីកីឡាករវ័យក្មេងទាំងនេះឡើយ តែពួកគេធ្វើបានយ៉ាងល្អ»៕
ប្រភពពី៖ BBC

 

Advertisement