Arsenal ជឿជាក់ខ្ពស់ក្នុងការនាំយក Lacazette ពី Lyon

ក្លិបកាំភ្លើងធំ Arsenal ពោរពេញដោយការជឿជាក់ក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបារាំងដ៏ឆ្នើម Alexandre Lacazette ក្រោយពីពួកគេបានដាក់សំណើដេញថ្លៃជាកំណត់ត្រារបស់ក្លិបក្នុងទឹកប្រាក់ 44លានផោន (ស្មើនឹង 56លានដុល្លារអាមេរិក)។ តម្លៃខ្លួនដ៏ខ្ពស់នេះគេរំពឹងទុកថា នឹងត្រូវបានទទួលយកដោយក្លិប Lyon និងបង្ហាញពីការចាប់ផ្តើមនៃចលនាក្នុងទីផ្សារដោះដូរកីឡាកររបស់ Arsenal។

ក្លិបធំៗជាច្រើនសុទ្ធសឹងបានបង្ហាញពីការចាប់អារម្មណ៍ទៅលើ Lacazette ដែលបានបង្ហាញខ្លួនជាអន្តរជាតិ11លើក និងជាប់កុងត្រាជាមួយនឹង Lyon រហូតដល់ឆ្នាំ2019 ក្រោយពីបានធ្វើការអភិវឌ្ឍតាមរយៈប្រព័ន្ធយុវជនរបស់ពួកគេ។ កីឡាកររូបនេះ ដំបូងឡើងធ្លាប់បានសម្តែងបំណងរបស់គេក្នុងការផ្ទេរទៅកាន់ក្លិប Atletico Madrid ក្រោយពីបានគិតថា វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់អនាគតរបស់គេតាមរយៈការចាកចេញពីក្របខ័ណ្ឌ Ligue 1 ប៉ុន្តែការជាប់ពិន័យព្យួរលើការដោះដូរកីឡាកររបស់ក្លិបអេស្ប៉ាញមួយនេះបានបង្កភាពស្មុគស្មាញដល់ការប្រមាញ់ទិញរបស់ពួកគេ និងបានអនុញ្ញាតឲ្យក្លិប Arsenal មានឱកាសឆក់យកខ្សែប្រយុទ្ធវ័យ26ឆ្នាំរូបនេះពីក្លិបផ្សេងតែម្តង។

Lacazette ត្រូវបានគេជឿជាក់ថា បានបើកចំហចិត្តឲ្យមានការផ្ទេរនេះ ក្រោយពីកិច្ចពិភាក្សារវាងមន្ត្រីមកពីក្លិប Arsenal និងប្រធានក្លិប Lyon លោក Jean-Michel Aulas នៅសប្តាហ៍នេះ ហើយការព្រមព្រៀងគ្នាមួយកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានដល់ទៅលើតម្លៃខ្លួននេះ។ តម្លៃខ្លួននេះ នឹងបំបែកកំណត់ត្រាទៅលើតម្លៃខ្លួន 42.5លានផោន ដែលក្លិប Arsenal បានចំណាយទៅឲ្យ Real Madrid ដើម្បីទិញយកខ្សែបម្រើ Mesut Ozil កាលពីឆ្នាំ 2013។ ការពិភាក្សាបន្ថែមទៀតត្រូវបានគ្រោងបន្តធ្វើឡើងនៅដើមសប្តាហ៍ក្រោយ ខណៈដែល Lacazette ដែលកំពុងតែសម្រាកវិស្សមកាលនោះត្រូវបានរំពឹងទុកថា នឹងចង់ទទួលបានឱកាសក្នុងការលេងក្នុងក្របខ័ណ្ឌ Premier League៕
ប្រភពពី៖ The Guardian

 

Advertisement