Atletico ផ្តួល Juventus ខណៈ Man City វាយបកផ្តួល Schalke

ក្រុម​ Atletico​ Madrid​ និង​ Manchester​ City​ សុទ្ធសឹង​បាន​ជួប​ភាព​រីករាយ​ដូចគ្នា​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ Champions​ League​ វគ្គ​ 16ក្រុម​ចុងក្រោយ​ ជើង​ទី1​ កាលពី​ថ្ងៃពុធ​ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​រៀង​ៗខ្លួន​។

ខ្សែប្រយុទ្ធ​ Cristiano​ Ronaldo​ បាន​ខកខាន​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ ខណៈ​ដែល​ក្រុម​ Atletico​ បាន​យកឈ្នះ​ក្នុង​លទ្ធផល​ 2-០។

ដោយឡែក​ ក្នុង​ប្រទេស​អាល្លឺម៉ង់​វិញ​ ក្រុម​ Schalke​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2គ្រាប់​ ដើម្បី​នាំមុខ​ 2-1 ប៉ុន្តែ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែប្រយុទ្ធ​ Leroy​ Sane​ និង​ Raheem​ Sterling​ បាន​ជួយ​ឱ្យ​ក្រុម​នៅសល់​សមាជិក​ត្រឹមតែ​ 10នាក់​ Man​ City​ ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ 3-2។ ​

ក្រោយពី​ការ​រកបាន​គ្រាប់​បាល់​តាម​ស្មើ​របស់​គេ​ Sane​ បាន​ប្រាប់​ទូរទស្សន៍​ DAZN​ ទាំង​រីករាយ​ថា​៖ «ខ្ញុំ​បាន​រង់ចាំ​ឱកាស​របស់ខ្ញុំ​ និង​ចង់​ស៊ុត​បាល់​ពីទី​នោះ​ ដោយសារតែ​ខ្ញុំ​ធ្លាប់​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ទីតាំង​នោះ​ ហើយ​វា​បាន​រក្សា​ការ​ជឿជាក់​របស់​យើង​»។ ​

លោក​ Pep​ Guardiola​ អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ Man​ City​ បានឱ្យ​ដឹង​ថា​៖ «យើង​នឹង​មិនបាន​ឈាន​ទៅ​វគ្គ​បន្ត​ក្នុង​យុទ្ធនាការ​នេះ​ឡើយ​ ប្រសិនបើ​យើង​មិន​កែសម្រួល​ការ​លេង​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​ទេ​នោះ​។ ទីបំផុត​ Sane​ និង​ Sterling​ បាន​បង្កើត​ឱ្យ​មានការ​ប្រែប្រួល​»។

លោក​ Diego​ Simeone​ គ្រូបង្វឹក​របស់​ក្រុម​ Atletico​ បានឱ្យ​ដឹង​ថា​៖ «យើង​មិនទាន់​បាន​ឈាន​ទៅ​វគ្គ​បន្ត​នៅឡើយ​ទេ​។ នៅ​មានការ​ប្រកួត​ 1លើ​កទៀត​ដែល​ត្រូវ​លេង​ ហើយ​យើង​ដឹង​ថា​ យើង​នឹង​ត្រូវតែ​ជួប​បញ្ហា​»។

Ronaldo​ បាន​វិល​ទៅកាន់​រដ្ឋធានី​អេស្ប៉ាញ​វិញ​ ក្រោយពី​រូបគេ​បាន​ទទួល​ភាព​ជោគជ័យ​មិនធ្លាប់​មាន​ពីមុន​មក​ក្នុង​យុទ្ធនាការ​នេះ​ ជាមួយនឹង​ក្រុម​ Real​ ប៉ុន្តែ​គូប្រកួត​របស់​ពួកគេ​គឺជា​ក្រុម​ដែល​ត្រូវ​អបអរ​នៅពេល​បញ្ចប់​ការប្រកួត​ ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ​ Jose​ Gimenez​ និង​ Diego​ Godin​ បាន​ជួយ​ឱ្យ​ក្រុម​ Atletico​ ស្ថិត​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​វគ្គ​បន្ត​។

លោក​ Massimiliano​ Allegri​ គ្រូបង្វឹក​របស់​ក្រុម​ Juventus​ បានឱ្យ​ដឹង​ថា​៖ «ជាកុសល​ យើង​មិនបាន​របូត​គ្រាប់​បាល់​ទី3​ ឡើយ​ ព្រោះ​ការ​ចាញ់​ 2-០ គឺជា​លទ្ធផល​មួយ​ដែល​អាច​ស្រោចស្រង់​បាន​។ យើង​មិនទាន់​ធ្លាក់​ចេញ​នៅឡើយ​ទេ​»៕

Advertisement