កម្ពុជា​ត្រូវ​ជួប​ប៉ាគីស្ថាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​វគ្គ​ជម្រុះ​បឋម​ World​ Cup​

ព្រឹត្តិ​ការណ៍​ FIFA​ World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​ត្រូវ​បាន​បែងចែក​ជា​ 6តំបន់​ គឺ​តំបន់​អាស៊ី​ (AFC​) តំបន់​អាហ្វ្រិក​ (CAF​) តំបន់​អាមេរិក​ខាងជើង​ កណ្ដាល​ និង​ការី​បៀន​ (CONCACAF​) តំបន់​អាមេរិក​ខាងត្បូង​ (CONMEBOL​) តំបន់​អូ​សេ​អា​នី​ (OFC​) និង​តំបន់​អឺរ៉ុប​ (UEFA​)។

ចំណែក​ឯនៅ​ទ្វីបអាស៊ី​វិញ​មាន​ប្រទេស​ចំនួន12​ រួមមាន​ ម៉ាឡេស៊ី​ កម្ពុជា​ ម៉ាកាវ​ ឡាវ​ ប៊ូតាន់​ ម៉ុងហ្គោលី​ បង់​ក្លា​ដែស​ កោះ​ហ្គួម​ ប្រ៊ុយណេ​ ទីម័រខាងកើត​ ប៉ាគីស្ថាន​ និង​ស្រីលង្កា​ ដែល​សុទ្ធតែ​ស្ថិតនៅ​បាត​តារាង​នៃ​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី​ និង​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​រវាង​គ្នា​ជាមុន​សិន​ មុននឹង​មាន​សិទ្ធិ​បាន​ឡើង​ទៅ​វគ្គ​ជម្រុះ​ចែក​ពូល​ World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​។

ការ​ចាប់ឆ្នោត​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី17​ ខែមេសា​ ម្សិលមិញ​នេះ​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ AFF​ ស្ថិតនៅ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ាឡេស៊ី​ ហើយ​ជា​លទ្ធផល​ កម្ពុជា​ត្រូវ​ជួប​ជាមួយនឹង​ប៉ាគីស្ថាន​ដែល​នឹង​ត្រូវ​ប្រកួត​គ្នា​ចំនួន​ 2ជើង​បែប​ផ្លាស់​ប្តូរ​ទឹកដី​គ្នា​ ដោយ​ការប្រកួត​ជើង​ទី1​ នឹង​ធ្វើ​នៅ​ថ្ងៃទី6​ ខែមិថុនា​ ឆ្នាំ2019​ នៅ​ទឹកដី​កម្ពុជា​ និង​ជើង​ទី2​ ថ្ងៃទី​ ខែមិថុនា​ ឆ្នាំ2019​ នៅ​ទឹកដី​ប៉ាគីស្ថាន​៕

Advertisement