មណ្ឌលកីឡា​ហែលទឹក​ថ្មី​ ស្តង់​ដា​អន្តរជាតិ​នឹង​ចាប់បដិសន្ធិ​នៅក្នុង​សាកល​វិទ្យាល័យ​បាត់ដំបង​ក្រោយ​ចូលឆ្នាំ​ខ្មែរ​រួច​

សម្តេច​ក្រឡាហោម​ ស ខេង​ និង​ប្រធាន​សហព័ន្ធ​កីឡា​ខ្មែរ​ហែលទឹក​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ បាន​ចុះទៅ​ពិនិត្យ​ទីតាំង​គម្រោង​សាងសង់​មណ្ឌលកីឡា​ហែលទឹក​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​បរិវេណ​នៃ​សាកល​វិទ្យាល័យ​ខេត្តបាត់ដំបង​ដែល​គ្រោង​នឹង​សាងសង់​នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច​។

ក្នុង​នោះ​ដែរ​ ក្រោយពី​បាន​ពិនិត្យ​រួចរាល់​ ក៏​មានការ​ឯកភាព​លើ​គម្រោង​មួយ​នេះ​ដែល​គ្រោង​សាងសង់​ឡើង​តាម​ស្តង់​ដា​អន្តរជាតិ​ដែល​មាន​ទំហំ​ 25ម៉ែត្រ​គុណ​នឹង​ 20ម៉ែត្រ​ ដើម្បី​អាច​ឱ្យ​កីឡាករ​-កីឡាការិនី​ ទាំង​ជាតិ​ និង​អន្តរជាតិ​ក៏ដូចជា​មហាជន​ទូទៅ​បាន​ធ្វើការ​ហ្វឹកហាត់​កីឡាហែលទឹក​ដើម្បី​សុខភាព​ផង​ដែរ​។

លោក​ ហែម​ គិរី​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ខ្មែរ​ហែលទឹក​បាន​ប្រាប់​ថា​ ការសាងសង់​មណ្ឌលកីឡា​ហែលទឹក​នៅ​ខេត្តបាត់ដំបង​នេះ​ ជា​ផែនការមេ​របស់​សហព័ន្ធ​កីឡា​ខ្មែរ​ហែលទឹក​ក្នុង​កិច្ច​អភិ​ឌ្ឍ​ និង​បណ្តុះបណ្តាល​កីឡាករ​-កីឡាការិនី​ឈុត​ធំ​ និង​ថ្នាល​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ត​ការណ៍​កីឡា​ថ្នាក់​ខេត្ត​ ថ្នាក់​ជាតិ​ និង​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ ( SEA​ GAMES​ 2023​ ) នា​ពេល​ខាងមុខនេះ​៕

Advertisement