តារាឆ្នើមកូរ៉េខាងត្បូង Park ឈ្នះពាន HSBC Women’s World Championship

កីឡា​ការិនី​វាយកូន​​គោល Park Sung-hyun ដែល​មាន​ចំណាត់​ថ្នាក់​លេខ​2 ​ក្នុង​ពិភព​លោក បាន​​វាយ​កូន​គោល​យ៉ាង​​ល្អ​បំផុត​ប្រចាំ​សប្តាហ៍ ដើម្បី​រក​បាន​ 64​ពិន្ទុ កាលពីថ្ងៃ​អាទិត្យ និង​ដើម្បី​ឈ្នះពាន HSBC Women’s World Championship តាម​រយៈ​ការនាំមុខ​ 2​ឈើ​​។

កីឡា​ការិនី​របស់​កូរ៉េ​ខាង​ត្បូង​វ័យ​ 25ឆ្នាំ​រូបនេះ បាន​ផ្តួល​​កីឡា​ការិនី​អូ​ស្ត្រាលី Minjee Lee តាម​រយៈ​ការ​វាយ​កូន​​គោល​យ៉ាងល្អ​ចំនួន​​ 4លើក នៅលើ​រន្ធ​ទី​9 ដើម្បី​ឈ្នះ​​ពាន​ដែល​មាន​ប្រាក់​រង្វាន់​ 1.5​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល Lee រក​បាន​ 69​ពិន្ទុ​នៅ​ថ្ងៃ​ចុង​ក្រោយ​។

Park បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំពិត​ជា​រីក​រាយ​ណាស់ និង​រំភើប​ជាមួយ​នឹង​ការ​លេង​របស់​ខ្ញុំ​នៅថ្ងៃនេះ ហើយ​ខ្ញុំ​គិត​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​មួយ​ក្នុង​ចំណោម​​ថ្ងៃ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ និងក្នុង​ចំណោម​ការ​លេង​​ក្នុង​កម្មវិធី LPGA Tour មក​ទល់​ពេលនេះ​»​។

កីឡាការិនី​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា វា​នឹង​មិន​ទទួល​ជ័យជម្នះ​យ៉ាង​លឿន​បែប​នេះ​ឡើយ ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយណាស់​។ ខ្ញុំ​ធ្លាប់​មាន​ការ​ចាប់​ផ្តើម​ដ៏តាន​តឹង ​កាលពីឆ្នាំ​មុន ហើយ​ការ​ឈ្នះ​ជាលើក​ទី​ 1​នេះ ពិត​ជា​លឿនមែនទែន​​។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹងលេង​យ៉ាងល្អ​ក្នុង​ការ​ប្រកួត​បន្ទាប់​ទៀត​​នៃ​រដូវកាល​នេះ​»​។

ការ​ប្រជែង​របស់​កីឡា​​​ការិនីមាន​ចំណាត់​ថ្នាក់​លេខ​1 ​ក្នុង​ពិភព​លោក Lee បាន​ជួប​ការ​ខក​ចិត្ត ក្រោយ​ពី​​ការ​វាយ​មិន​បាន​ល្អ​លើ​រន្ធ​ទី​14​​។

ដោយ​​ឡែក កីឡា​ការិនី KoJin-young របស់​កូរ៉េ​ខាង​ត្បូង និង Zahara Munoz របស់​អេ​ស្ប៉ាញ សុទ្ធ​សឹង​បាន​បញ្ចប់​ដោយ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​3 ​ដូច​គ្នា ក្រោយពី​រក​បាន​ 69​ពិន្ទុ ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​ដូចគ្នា​៕

Advertisement