លោក Klopp នៅតែជឿជាក់លើ Liverpool ទោះបីបាត់បង់ការនាំមុខលើតារាង

ក្រុម Liverpool បាន​ជួប​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខ្ជះ​ខ្ជាយ​ឱកាស​ដ៏ល្អ​ចំនួន​ 2លើក ពីសំណាក់​ខ្សែ​ប្រយុទ្ធ Mohamed Salah ខណៈ​ដែលក្រុម Everton បាន​​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើ ០-០ ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​ Merseyside កាលពីថ្ងៃ​អាទិត្យ​។

បច្ចុប្បន្ន​ក្រុម​របស់​លោក Jurgen Klopp ដេញ​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​​ការពារ​តំណែង​ជើង​ឯក Manchester City ចំនួន​ 1​ពិន្ទុ​ នៅលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League ខណៈ​ដែល​នៅ​សល់​ការ​ប្រកួតត្រឹម​តែ​ 9លើក​ទៀត​ប៉ុណ្ណោះ​។

ការ​ស៊ុត​បាល់​របស់ Salah ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំទី Jordan Pickford របស់ Everton ខណៈ​ដែលក្រុម Liverpool បាន​បាត់​បង់​ពិន្ទុ​ជាលើក​ទី​4 ក្នុង​ចំណោម​ការ​ប្រកួត​លីក​ 4លើក​ចុងក្រោយ​របស់​ពួក​គេ​។

លោក Klopp បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​​មិន​ចាំ​បាច់​ត្រូវ​ផ្តល់​ដំបូន្មាន​​ដល់​កីឡាករ​របស់​ខ្ញុំ​ឡើយ ព្រោះ​ពួក​គេ​​ដឹង​រួច​ទៅ​ហើយ​។ ពួក​គេ​មិន​មែន​​នៅ​ក្មេង​ទៀត​ឡើយ​»​​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ជឿ​ជាក់​ 100​ភាគ​​រយ​​ទៅលើ​ឱកាស​របស់​យើង​។ ខ្ញុំ​ដឹង​ថា ពី​ការ​ប្រកួត​ 1​លើក​ ទៅ​ការ​ប្រកួត​ 1លើក​ទៀត អារម្មណ៍​របស់​ខ្ញុំ​កាន់​តែ​ល្អ​ប្រសើរ​អំពី​​កីឡាករ ពីព្រោះ​ពួកគេ​ហាក់​ដូច​ជា​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​»​។

ដោយ​ឡែក ការមិន​ស្គាល់​ឈ្នះ​របស់​ក្រុម Everton ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់​​តែ​​មួយ បាន​បន្ត​រហូត​ដល់​ 19​​ប្រកួត បើ​គិត​ចាប់​តាំងពីឆ្នាំ​2010​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​អប​អរ​ផ្សេង​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​នៃ​ក្រុមម្ចាស់​ផ្ទះ​ ក្នុង​ពេល​បញ្ចប់​ការ​ប្រកួត​បាន​បង្ហាញ​ថា ពួកគេ​ជឿជាក់​ថា ពួកគេ​បាន​​កម្ទេច​ក្តីសង្ឃឹម​របស់ Liverpool ក្នុង​ការ​ឈ្នះពាន​លីក​ជាលើក​ទី​1 ​ក្នុង​រយៈ​ពេល​ 29​ឆ្នាំ​​៕

Advertisement