Fury​ ​ប្រកាស​ពី​ការ​ឡើង​សង្វៀន​ប្រកួត​ ​1លើក​ ​មុន​ប្រកួត​សងសឹក​ ​Wilder​ ​

ស្ថាប័ន​ ​WBCបាន​បញ្ជាក់​ថា​ ​កីឡាករ​ប្រដាល់​ ​Tyson​ ​Fury​ ​បាន​បញ្ជាក់​ប្រាប់​ក្រុមប្រឹក្សា​កីឡាប្រដាល់​ពិភពលោក​ ​(​WBC​)​ ​ថា​ ​រូបគេ​មាន​គម្រោង​ក្នុង​ការប្រកួត​ជាមួយនឹង​ដៃគូ​មិនទាន់​ស្គាល់ឈ្មោះ​ម្នាក់​ជាមុន​សិន​ ​មុននឹង​ធ្វើការ​ប្រកួត​សងសឹក​ជាមួយនឹង​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ ​Deontay​ ​Wilder​។​

​WBC​ ​បានឱ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ ​Twitter​ ​ថា​ ​WBC​ ​ទទួល​បានការ​បញ្ជាក់​ប្រាប់​ពី​ក្រុមការងារ​របស់​ ​Furyថា​ ​រូបគេ​កំពុងតែ​មាន​គម្រោង​ឡើង​ប្រកួត​ ​1លើក​ទៀត​ ​មុន​ពេល​វិល​ទៅកាន់​សង្វៀន​ប្រកួត​សងសឹក​ជាមួយនឹងWilder​។​
​កីឡាករ​ ​Wilder​ ​និង​ ​Fury​ ​បាន​ទទួល​ត្រឹម​លទ្ធផល​ស្មើ​ ​ក្នុង​ការប្រកួត​នៅ​ទីក្រុង​ ​Los​ ​Angeles​ ​កាលពី​ខែធ្នូ​ ​កន្លងទៅ​ ​ក្រោយពី​បាន​តស៊ូ​គ្នា​ចំនួន​ ​12ទឹក​នៅ​លើ​សង្វៀន​ ​Staples​ ​Center​។​

ការប្រកួត​សងសឹក​របស់​ពួកគេ​អាច​នឹង​ក្លាយជា​ការប្រកួត​មួយ​ក្នុងចំណោម​ការប្រកួត​ដ៏​រំភើប​បំផុត​ប្រចាំឆ្នាំ​ ​ក្រោយពី​ការ​ជួប​ប្រកួត​ជា​លើក​ទី1​ ​បាន​បង្កើត​ឱ្យ​មានការ​ចាប់អារម្មណ៍​ឡើងវិញ​ទៅលើ​កកី​ឡា​ប្រដាល់​ទម្ងន់​ធ្ងន់​។​ ប៉ុន្តែ​ ​ទោះបីជា​យ៉ាងណា​ ​ភាព​មិន​ច្បាស់​ការ​ផ្សេង​ៗ​ទៅលើ​ការប្រកួត​សងសឹក​ដែល​អាច​ទៅរួច​មួយ​នេះ​ ​បាន​ផ្ទុះឡើង​កាលពី​សប្តាហ៍​មុន​ ​នៅពេល​ដែល​ ​Fury​ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយនឹង​ក្រុមហ៊ុន​រៀបចំ​ការប្រកួត​របស់​អាមេរិក​ ​Top​ ​Rank​ ​និង​ទូរទស្សន៍​ ​ESPN​ ​ដែល​បង្កើត​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​លើ​ការ​ចរ​ចា​ផ្សេង​ៗ​ជាមួយនឹង​ ​Wilder​។​

​កាលពី​ថ្ងៃអង្គារ​កន្លងទៅ​ ​ស្ថាប័ន​ ​WBC​ ​បាន​ប្រកាស​ថា​ ​ក្រុមការងារ​របស់​កីឡាករ​ ​Fury​ ​បាន​បញ្ជាក់​ប្រាប់​ដល់​អង្គភាព​នេះ​ថា​ ​ពួកគេ​មាន​គម្រោង​ឱ្យ​ ​Fury​ ​ឡើង​ប្រកួត​យ៉ាងហោចណាស់​ ​1លើក​ទៀត​ ​មុន​ពេល​រៀបចំ​ការប្រកួត​សងសឹក​ជាមួយ​ ​Wilder​ ​។​

Wilder​ ​សញ្ជាតិ​អាមេរិក​ ​វ័យ​ ​33ឆ្នាំ​រូប​នេះ​ ​មានកំណត់​ត្រា​ឈ្នះ​ ​40លើក​ ​មិនដែល​ចាញ់​ ​និង​ស្មើ​ ​1លើក​ ​ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ដល់ទៅ​ ​39លើក​។​ ​កីឡាករ​ ​Fury​ ​វ័យ​ ​30ឆ្នាំ​ ​មានកំណត់​ត្រា​មិន​ស្គាល់​ចាញ់​ដូចគ្នា​ ​ដោយ​ឈ្នះ​ ​27លើក​ ​ស្មើ​ ​1លើក​ ​ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​ ​19លើក​៕​ ​

Advertisement