តា​រាឆ្នើម Mbappe ​របស់ PSG ជាប់​ពិន័យ​ព្យួរ​ 3ប្រកួត ក្រោយទទួល​កាត​ក្រហម

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​អន្តរ​ជាតិ​​បារាំង KylianMbappe បាន​រង​ពិន័យ​ព្យួរ​ចំនួន​ 3ប្រកួត ក្រោយពី​ការ​រង​ពិន័យ​កាតក្រហម​របស់​គេ នៅពេល​ប្រកួត​​ជា​មួយនឹងក្រុម Nimes កាលពី​ចុង​សប្តាហ៍មុន​​។ នេះបើយោង​ទៅ​តាម​ការ​ប្រកាស​របស់ក្រប​ខ័ណ្ឌ​លីក​បារាំង កាលពី​ថ្ងៃពុធ​​។

ខ្សែ​ប្រយុទ្ធ​វ័យ​ 19​ឆ្នាំ ដែលក៏បានស៊ុត​បាល់​បញ្ចូល​ទីដែរ​​នៅ​ពេលក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 4-2​ នោះ ត្រូវ​បាន​បណ្តេញ​ចេញ​ពីទីលានដោយសារការ​រុញ​​កីឡាករ Teji Savanier ក្រោយពី​ខ្សែ​បម្រើ​របស់​ក្លិប Nimes រូប​នេះ បាន​ធ្វើ​ឱ្យ​រូប​គេ​ដួល​នៅលើ​ទីលាន​ប្រកួត​។ ក្រុមម្ចាស់​ជើង​ឯក​បារាំង PSG នឹង​លេង​ដោយគ្មាន Mbappe សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Ligue 1 ជាមួយ​នឹងក្រុម Saint-Etienne នៅថ្ងៃ​សៅរ៍ ទី​11 ជា​មួយនឹងក្រុម Rennes នៅថ្ងៃ​ទី​23 ខែកញ្ញា និង​ក្រុម Reims ក្នុង​រយៈពេល​ 3​ថ្ងៃ​ក្រោយមក​។ ការ​ពិន័យ​ព្យួរ​នេះ មិន​មាន​ឥទ្ធិពល​ទៅលើ​ការ​ចូល​​រួម​របស់ Mbappe ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League របស់​ក្រុម PSG នៅ​ពេល​ប្រកួត​ជាមួយ​នឹងក្រុម​ជើង​ឯក​រង Liverpool ​កាលពី​រដូវកាលមុននៅ​កីឡដ្ឋាន Anfield នា​ថ្ងៃ​ទី​18 ខាងមុខនេះឡើយ​។

Savanier ដែល​ក៏​ត្រូវ​បាន​​បណ្តេញ​ចេញ​ដោយ​លោក​អាជ្ញា​កណ្តាល Jerome Brisardក្រោយពី​ឧប្ប​ត្តិហេតុនេះដែរនោះ បាន​រង​ពិន័យ​ព្យួរ​ចំនួន​ 5​ប្រកួត​។ Mbappe បាន​រងពិន័យ​កាត​លឿង​រួច​ស្រេចទៅហើយ​ ក្នុង​តង់​ទី​១​នៃ​​ការ​​ប្រកួតកាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន សម្រាប់​ការ​យក​បាល់​ចេញ​ឆ្ងាយ មុនពេលក្រុម Nimes ត្រូវស៊ុត​បាល់​ពិន័យ Free-kick​។

វា​ជា​​ការ​ទទួល​​កាត​ក្រហម​ជាលើក​ទី​2 ​នៃ​អាជីព​បាល់ទាត់របស់ Mbappe ក្រោយពី​​រូប​គេ​បាន​​រងពិន័យ​កាតក្រហម​កាលពី​ខែមករា សម្រាប់​ការ​ដណ្តើម​បាល់​ដ៏គ្រោះ​ថ្នាក់​មួយជាមួយកីឡាករ Ismaila Sarr របស់​ក្រុម Rennes ក្នុង​ការ​ប្រកួត​ពាន League Cup វគ្គ​1/2​​៕

ប្រភព​ពី៖ Channel News Asia

Advertisement