Liverpool បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Salah ក្នុងតម្លៃខ្លួន 35លានផោន

ក្លិបហង្សក្រហម Liverpool កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិអេហ្ស៊ីប Mohamed Salah ក្រោយពីពួកគេបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗ ខណៈដែលពួកគេបានយល់ព្រមលើតម្លៃខ្លួន 35លានផោន (ស្មើនឹង 45លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Roma ហើយ។

វាត្រូវបានគេមើលឃើញថា Salah បានជួបជាមួយនឹងលោក Jurgen Klopp ក្នុងទីក្រុង Liverpool ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយការព្រមព្រៀងគ្នាមួយត្រូវបានឈានដល់ជាមួយនឹងកីឡាកររូបនេះ និងភ្នាក់ងារតំណាងរបស់គេ។ ទោះបីជាយ៉ាងណា ការពិភាក្សាផ្សេងៗកំពុងតែបន្តធ្វើឡើងជាមួយនឹងក្លិប Roma ក្រោយពីការដេញថ្លៃជាបឋមក្នុងទឹកប្រាក់ 28លានផោនរបស់ក្លិប Liverpool ត្រូវបានច្រានចោល កាលពីប៉ុន្មានថ្ងៃមុន។ ប៉ុន្តែ លោក Klopp ដែលជាគ្រូបង្វឹករបស់ Liverpool បានប្តេជ្ញាថា នឹងទិញយក Salah ឲ្យបាន ហើយស្របពេលដែលកីឡាកររូបនេះត្រូវបានគេជឿជាក់ថា ចង់ចាកចេញពី Roma ដែរនោះ វាបង្ហាញថា ការព្រមព្រៀងគ្នាមួយកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានដល់ការសម្រេច ក្រោយពីការបង្កើនសំណើដេញថ្លៃពីសំណាក់ក្លិប Liverpool ។

ប្រសិនបើការផ្ទេរនេះត្រូវបានបំពេញជាផ្លូវការ វានឹងក្លាយជារឿងដ៏មានសំណាងមួយសម្រាប់ក្លិប Liverpool ដែលចង់បាន Salah កាលពីឆ្នាំ2014 នៅមុនពេលរូបគេបានសម្រេចចិត្តចូលរួមជាមួយនឹងក្លិប Chelsea ជំនួសវិញ ក្រោយពីផ្ទេរពីក្លិបរបស់ស្វ៊ីស Basel។  Salah ដែលជាអតីតខ្សែបម្រើស្លាបរបស់ Chelsea បានចូលរួមជាមួយនឹងក្លិប Roma ក្នុងតម្លៃខ្លួន 13លានផោន កាលពីរដូវក្តៅមុន ក្រោយពីបានចំណាយពេលខ្ចីជើងពេញមួយរដូវកាលរួចមក៕
ប្រភពពី៖ Sky Sports

Advertisement