Real ទទួលការស្វាគមន៍ពីអ្នកគាំទ្រដ៏ច្រើនកុះករ ក្នុងក្បួនដង្ហែការឈ្នះពាន Champions League

អ្នកគាំទ្ររាប់ពាន់នាក់របស់ក្លិប Real Madrid បានប្រមូលផ្តុំគ្នានៅតាមដងវិថីនានានៃរដ្ឋធានីអេស្ប៉ាញ ដើម្បីរង់ចាំទទួលវីរបុរសរបស់ពួកគេគឺ Cristiano Ronaldo និងមិត្តរួមក្រុមរបស់គេកាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានដង្ហែការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី១២។

Ronaldo បានលេងម៉ូតសក់ថ្មីរបស់ខ្លួន ហើយរូបគេ និងប្រធានក្រុម Sergio Ramos បានដឹកនាំកម្មវិធីហែក្បួនជាប្រពៃណីដើម្បីអបអរដល់ក្លិប Real ខណៈដែលកីឡាករទាំងអស់បានទទួលការស្វាគមន៍ពីសំណាក់ប្រធានប្រតិភូរបស់រដ្ឋាភិបាល នៅមុនពេលចាប់ផ្តើមធ្វើពិធីហែក្បួននៃការឈ្នះពានកំពូលអឺរ៉ុបនេះ នៅលើរថយន្តក្រុងដែលគ្មានដំបូលមួយគ្រឿងជុំវិញតំបន់ Cibeles នៃទីក្រុង Madrid។ រថយន្តក្រុងរបស់ Real បានធ្វើដំណើរឆ្ពោះទៅកាន់កីឡដ្ឋាន Santiago Bernabeu របស់ក្លិបនេះ ខណៈដែលអ្នកគាំទ្រប្រមាណជា៨១០០០នាក់កំពុងតែរង់ចាំទទួលពួកគេនៅកីឡដ្ឋាននោះ ដើម្បីធ្វើការអបអរ ក្នុងនោះរាប់បញ្ចូលទាំងការបង្ហាញពីភ្លើងពណ៌ និងការបាញ់កាំជ្រួចផងដែរ។ ការរឹតបន្តឹងផ្នែកសន្តិសុខត្រូវបានធ្វើឡើងក្នុងទីក្រុងនេះ ក្រោយពីមានការវាយប្រហារបែបភេរវកម្មកាលពីពេលថ្មីៗនេះក្នុងទីក្រុងឡុងដ៍ និងទីក្រុង Manchester។

Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលដែលក្រុម Real Madrid ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម Juventus ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Cardiff កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមយក្សរបស់អេស្ប៉ាញមួយនេះ បានក្លាយជាក្រុមដំបូងគេក្នុងការការពារពាន Champions League យ៉ាងជោគជ័យ។ លោក Florentino Perez ប្រធានក្លិប Real Madrid ដែលបានផ្តល់ការកោតសរសើរយ៉ាងពិសេសដល់លោក Zinedine Zidane នោះបានឲ្យដឹងថា៖ «កីឡាករទាំងអស់បានចូលក្នុងដំណាក់កាលដ៏អស្ចារ្យបំផុតរបស់ Real Madrid និងកីឡាបាល់ទាត់ ហើយគ្រូបង្វឹករបស់យើងក៏មានភាពអស្ចារ្យផងដែរ»៕


ប្រភពពី៖ Daily Star

Advertisement