Crystal Palace ខ្ចី​ជើង Batshuayi ពី Chelsea រហូត​បញ្ចប់​រដូវកាល​នេះ

ក្លិប Crystal Palace បាន​ចុះហត្ថ​លេខា​ជា​មួយនឹង​ខ្សែ​ប្រយុទ្ធ Michy Batshuayi ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​បញ្ចប់​រដូវកាល​នេះ​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​បែល​ហ្ស៊ិក​វ័យ​ 25ឆ្នាំ​រូបនេះ បាន​ចំណាយ​ពេលលេង​ខ្ចី​ជើង​ពេញ​ 1​រដូវកាល​នៅ​​​ឯ​ក្លិប Valencia របស់​ក្រប​ខ័ណ្ឌ La Liga​។

Batshuayi ដែល​ត្រូវ​បាន​ទាក់​ទង​​ជាមួយនឹងការផ្ទេរ​មួយ​ទៅ​កាន់ក្លិប Tottenham ឬ Everton នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 7​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួតក្របខ័ណ្ឌ Premier League 32​លើក សម្រាប់​ក្រុម​តោខៀវ​។

លោក Steve Parish ដែល​ជា​ប្រធានក្លិប បាន​ឱ្យ​ដឹង​ថា៖ «នេះ​គឺ​ជា​ការ​ចុះហត្ថលេខា​ដ៏​អស្ចារ្យមួយ​សម្រាប់ក្លិប Crystal Palace​។ Michy ជាកីឡាករម្នាក់​ដែល​យើង​បានកោត​សរសើរ​ជា​យូរមក​ហើយ ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយ​​ណាស់ដែល​យើង​បាន​នាំយក​រូប​គេ​​ក្នុង​ឯក​សណ្ឋាន​ពណ៌​ខៀវ និងក្រហម​។ រូប​គេ​​នឹង​​ក្លាយ​ជា​ជំនួយ​បន្ថែម​ដ៏អស្ចារ្យ​ក្នុងក្រុម​​របស់​យើង​»​។

Chelsea បាន​នាំយក Batshuayi ក្នុងតម្លៃខ្លួន​33.2​លានផោន ពីក្លិប Marseille កាលពីឆ្នាំ​2016 ហើយ​រូប​គេ​បាន​រក​គ្រាប់​បាល់​កាត់សេចក្តីក្នុង​ពេល​ក្រុម Chelsea បាន​ឈ្នះ​ពាន Premier League ក្នុង​​រដូវកាល​ឆ្នាំ​2016-2017​។

រូប​គេ​បាន​ចំណាយ​ពេល​ពាក់​កណ្តាល​រដូវ​កាល​មុន ក្នុង​នាម​ជាកីឡាករ​កម្ចី​នៅ​ឯ​ក្លិប Borussia Dortmund ដោយ​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 14​គ្រាប់​ ហើយរូប​គេ​ក៏​រក​បាន​​ 1​គ្រាប់​ផងដែរ ក្នុង​ការ​បង្ហាញខ្លួន​ 15លើកក្នុងក្រប​ខ័ណ្ឌ La Liga សម្រាប់​ក្រុម​ Valencia នៅ​រដូវកាលនេះ​៕

ប្រភព​ព័ត៌​មា​ន៖ BBC

Advertisement