Azarenka ត្រូវ​ជួប​ជាមួយ Kvitova​ ក្នុង​ទីក្រុង St Petersburg

អតីត​កីឡាការិនីមាន​ចំណាត់​ថ្នាក់​លេខ​1 ​ក្នុងពិភព​លោក Victoria Azarenka នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​កីឡា​ការិនី Petra Kvitova ម្ចាស់​ជើង​​ឯក​រង​នៃ​ព្រឹត្តិ​ការណ៍ Australian Open ក្នុង​ការ​ប្រកួត​ជុំ​ទី​2 ​ក្នុង​ទីក្រុង St Petersburg  នៅថ្ងៃ​អង្គារ ក្រោយពី​​​កត់ត្រា​ជ័យជម្នះ​ 2សិត​ជាប់​ៗ​​គ្នា​លើ​កីឡា​ការិនី Margarita Gasparyan​។

កីឡា​ការិនី​​វាយ​កូន​បាល់​សញ្ជាតិ​បេ​ឡា​រុស​រូបនេះ ដែលបាន​ធ្លាក់​ចេញ​​ក្នុង​ជុំ​ទី​1 ​នៅ​លើ​ទីលាន Melbourne Park ក្រោម​ស្នា​ដៃ​កីឡា​ការិនី​អាល្លឺ​ម៉ង់ Laura Siegemund បាន​កត់ត្រា​ជ័យជម្នះ​យ៉ាង​ងាយ​ក្នុងលទ្ធផល 6-4 និង​6-1 នៅ​ពេល​ប្រកួត​ជាមួយ​នឹង​កីឡា​ការិនី​របស់​រុស្ស៊ី​។

គូ​ប្រកួត​បន្ទាប់​សម្រាប់ Azarenka គឺ​កីឡា​ការិនី Kvitova ដែល​បាន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត Australian Open វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃ​កីឡា​ការិនី Naomi Osaka កាលពីថ្ងៃ​សៅរ៍​​។

Azarenka បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​រំពឹង​ទុក​ពីការ​ប្រកួត​ដ៏ស្វិត​ស្វាញមួយ​ ខណៈ​ដែល Kvitova បច្ចុប្បន្ន​កំពុង​តែ​ស្ថិតក្នុង​ទម្រង់​លេង​​ដ៏ល្អ​។ សម្រាប់​ខ្ញុំ រាល់​ការ​ប្រកួត​ទាំង​អស់​ពិត​ជា​សំខាន់ មិន​ថា​ជួប​គូប្រកួត​បែប​ណា​ឡើយ​។ ខ្ញុំ​ចង់​លេង និង​ឈាន​ទៅ​វគ្គ​បន្ត​»​។

កីឡា​ការិនី​​វ័យ​ 29​​ឆ្នាំ​រូបនេះ បាន​​ធ្លាក់ចុះ​ចំណាត់​ថ្នាក់​របស់​ខ្លួន ចាប់​តាំងពី​ផ្តល់​កំណើត​ឱ្យកូន​ប្រុស​របស់​នាង ហើយ​បច្ចុប្បន្ន នាង​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​51 ​​លើ​ពិភព​លោក​។

Azarenka បាន​បន្ថែម​ទៀត​ថា៖ «វា​គ្រាន់​តែ​ជា​ការ​ចាប់​​ផ្តើម​ប៉ុណ្ណោះ​នៅ​រដូវ​កាលនេះ ហើយ​រាល់​ការ​ប្រកួត​ទាំង​អស់ គឺ​ពិត​ជា​លំបាកសម្រាប់ខ្ញុំ​»​៕

Advertisement