Djokovic ផ្តួល Nadal ដើម្បីឈ្នះពាន​ Australian Open ជាលើក​ទី​7

កីឡាករ​វាយកូន​បាល់ Novak Djokovic បាន​ឈ្នះពាន​ព្រឹត្តិការណ៍ Australian Open ជាលើក​ទី​7 និង​​កម្ម​វិធី Grand Slam ជាលើក​ទី​3 ​ជាប់​ៗ​គ្នា​កាលពីថ្ងៃអាទិត្យ ខណៈ​ដែល​​​រូប​គេ​បានផ្តួល​កីឡាករ Rafael Nadal យ៉ាង​ងាយ​​ក្នុង​​ទីក្រុង Melbourne​។

កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ បាន​កត់ត្រា​ជ័យជម្នះ​ក្នុងលទ្ធផល 6-3 6-2 និង​6-3 ដែល​ជា​ជ័យ​ជម្នះ​ដ៏ធំបំផុត​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​​នៃ​ពាន​ដ៏ធំមួយ លើ​គូ​ប្រជែង​​ដ៏ខ្លាំង​​របស់​គេ​។

កីឡាករ​អេ​ស្ប៉ាញ Nadal វ័យ​ 32​ឆ្នាំ ហាក់​ដូច​ជាមិន​អាច​ទប់​ទល់​នឹង​ភាពខ្លាំង​​របស់​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ​1 ក្នុងពិភព​លោក​រូបនេះ​បាន​ឡើយ និង​បាន​បង្កើត​ឱ្យ​មាន​កំហុស​ដល់​ទៅ​ 28​លើក​ឯណោះ។

Djokovic វ័យ​ 31​ឆ្នាំ បាន​កត់ត្រា​ជ័យជម្នះ​​ដោយ​ប្រើ​ពេល​អស់​ 2​ម៉ោង និង​4​នាទី ដើម្បី​ឡើង​ឈរ​ពីលើ​ម្ចាស់​ជើងឯក​ 6​សម័យ​កាល Roy Emerson និង Roger Federer​។

ក្រោយ​ពី​ឈ្នះ​ពាន Grand Slam ជាលើក​ទី​15 ​របស់​គេ Djokovic បាន​ឱ្យ​ដឹង​ថា៖ «វា​ជា​ការប្រកួតមួយ​ក្នុង​ចំណោម​ការ​ប្រកួត​​ដ៏​ល្អ​បំផុត​។ វា​ហាក់​មិន​​​ពិត​សោះ​ដែលយើង​នៅ​តែ​លេង​ក្នុង​កម្រិត​នេះ​ និង​នៅ​តែ​ប្រជែង​ពាន​ដ៏ធំបំផុត​ក្នុង​កីឡា​នេះ ហើយ​វា​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​»​។

ស្រប​ពេល​ជាមួយ​គ្នានេះ កីឡា​ការិនី​វាយ​កូន​បាល់ Naomi Osaka របស់​ជប៉ុន បាន​បញ្ជាក់​ថា នាង​ពិត​​​ជា«ស្ថិត​ក្នុង​ភាព​​ភ្ញាក់​ផ្អើល» ក្រោយពី​​បាន​គ្រប់គ្រង​ការ​ភិត​ភ័យ​របស់​ខ្លួន​ដើម្បី​យកឈ្នះ​​លើ​កីឡា​ការិនី Petra Kvitova និង​ឈ្នះពាន Australian Open ក្នុង​ការប្រកួត​ 3​សិត​ដ៏រំ​ភើប​មួយ ខណៈ​ជ័យជម្នះនេះ​ក៏​បាន​ធ្វើ​ឱ្យ​នាង​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​1​ លើ​តារាង​ពិភព​លោក​ផងដែរ​។

កីឡា​ការិនី​មាន​ចំណាត់​ថ្នាក់​លេខ​4 ​ប្រចាំ​ព្រឹត្តិការណ៍ និង​ជាម្ចាស់​ជើង​ឯក US Open រូប​នេះ​បាន​កត់​ត្រា​ជ័យជម្នះ​ក្នុងលទ្ធផល 7-6 (7/2) 5-7 និង​6-2 ក្នុង​ការ​ប្រកួត​ 2​ម៉ោង និង​27​នាទីលើ​កីឡា​ការិនី​របស់​ឆែក ដើម្បី​ឈ្នះពាន​ក្នុង​កម្មវិធី Grand Slam 2​លើក​ជាប់​ៗ​​​គ្នា​៕

ប្រភព​ពី៖​ Channel News Asia

Advertisement