Nadal ប៉ះ Tsitsipas ថ្ងៃ​នេះ ខណៈ Kvitova សម្លឹង​រក​ការ​បន្ត​​ឈ្នះ​ជាប់​ៗ​គ្នា

កីឡាករ​វាយកូន​បាល់ Rafael Nadal នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​កីឡាករ​វ័យ​ក្មេង StefanosTsitsipas នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ដែល​​រូបគេ​សម្លឹង​រក​ការ​ឈាន​ទៅ​កាន់​​ព្រឹត្តិការណ៍ Australian Open​វគ្គ​ផ្តាច់ព្រ័ត្រ​ជាលើក​ទី​5 ខណៈ​ដែល​កីឡា​ការិនី​ឡើង​ទម្រង់លេង Petra Kvitova សម្លឹង​រក​ការ​បន្ថែម​ជ័យជម្នះ10​លើក​ជាប់​ៗ​គ្នា​។

​ថ្ងៃ​ទី​11 ​នៃ​ការ​ប្រកួត​​ក្នុងព្រឹត្តិការណ៍ Grand Slam បើកឆាក​ក្នុង​ឆ្នាំនេះបេក្ខ​ភាព​ដែល​ត្រូវ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​វិញ្ញា​សា​បុរស នឹង​ត្រូវ​កាត់​សេចក្តីខណៈ​ដែល​បេក្ខ​​ភាព​​ផ្នែក​នារី​ទាំង​ 2​នាក់ ក៏​នឹង​ត្រូវ​បាន​រក​ឃើញ​ផងដែរ​។

Nadal បាន​ឈាន​ទៅកាន់​វគ្គ​ពាក់កណ្តាលផ្តាច់​ព្រ័ត្រ​នេះ ដោយ​មិន​ចាញ់សោះ​សូម្បី​តែ​ 1​សិត ប៉ុន្តែ Tsitsipas អាច​​នឹងក្លាយ​ជា​គូ​ប្រកួត​ដ៏ខ្លាំង​ម្នាក់ ក្រោយពី​រូប​គេ​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​ផ្តួល​កីឡាករ Roger Federer ក្នុង​ការប្រកួត​​ 4​សិត​ ក្នុង​វគ្គ​ 16​នាក់​ចុងក្រោយ​។

កីឡាករ​សញ្ជាតិ​អេ​ស្ប៉ាញ​មាន​ចំណាត់​ថ្នាក់​លេខ​2 ​ប្រចាំ​ព្រឹត្តិ​ការណ៍ដែលនឹង​ត្រូវប្រកួតនៅ​​ពេល​រាត្រីថ្ងៃនេះកំពុង​តែ​ព្រួយ​បារម្ភ​អំពីតារា​ឆ្នើម​របស់ក្រិក​វ័យក្មេងម្នាក់នោះ(StefanosTsitsipas) ដែល​រូប​គេ​បាន​ចាត់​ទុក​ថាជាកីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏ឆ្នើមបំផុត​ក្នុង​ពិភព​លោក​ ប៉ុន្តែ Nadal ក៏​បាន​ប្រកាស​ផងដែរ​ថាពេល​វេលា​របស់​គេ​នៅមិន​ទាន់​បញ្ចប់​ទេ ខណៈ​ដែល​រូប​គេកំពុង​សម្លឹង​រក​ការ​ឈ្នះពាន Grand Slam លើកនេះជាលើក​ទី​18​។

ទាក់​ទង​នឹង​តា​រាឆ្នើម​វ័យ​ក្មេង​ជាច្រើនដែល​ទើប​តែ​រះនោះ កីឡាករ Nadal បាន​ឱ្យ​ដឹង​ថា៖«ពួក​គេ​​អាច​នឹងត្រូវរង់​ចាំ​បន្តិចសិន​ ប៉ុន្តែ ពួក​គេ​ហាក់​ដូច​ជា​មិន​ចង់​​រង់​ចាំ​ឡើយ​»​។

ស្ថិតក្នុង​ចំណាត់​ថ្នាក់​​ទី14 ប្រចាំ​ព្រឹត្តិ​ការណ៍ Tsitsipas មិន​ត្រូវ​បានមើល​​ស្រាល​ដោយ Nadal ឡើយ ប៉ុន្តែកីឡាករ​មានចំណាត់​ថ្នាក់​លេខ2​ក្នុង​ពិភព​លោក Nadal ​ ក៏មាន​ការ​ជឿជាក់​​លើ​សមត្ថ​ភាព​ខ្លួន​ឯងផងដែរ​៕

Advertisement