លោក Guardiola មាន​មោទ​ន​ភាព ខណៈ Man City សង្គ្រោះ​ការ​ប្រជែង​ពាន

លោក Pep Guardiola បាន​​កោត​សរសើរ​ចំពោះ​ការមិន​ភ័យ​ខ្លាច​របស់​តារាឆ្នើម​ៗ​របស់​ក្រុម Manchester City ក្រោយពី​ក្រុមម្ចាស់​ជើង​ឯក​មួយ​នេះ បាន​រក្សា​​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ពានក្រប​ខ័ណ្ឌ Premier League តាមរយៈ​ការ​កត់​ត្រា​ជ័យជម្នះ​ក្នុងលទ្ធផល 2-1 លើក្រុម​កំពុង​មានពិន្ទុ​នាំ​មុខ Liverpool កាលពី​ថ្ងៃព្រហស្បតិ៍​​។

ក្រុម​របស់​លោក Guardiola មិន​បាន​ធ្វើ​ឱ្យ​​មាន​កំហុស​ឡើយ ខណៈ​ដែល​​ការ​រង​បរា​ជ័យ​មួយ នឹង​ធ្វើ​ឱ្យ​​ពួកគេ​ដេញ​តាមពីក្រោយ Liverpool ​ដល់​ទៅ​ 10ពិន្ទុ និង​ស្ថិតក្នុង​តំបន់​គ្រោះ​ថ្នាក់​នៃ​ការ​បាត់​បង់​ពាន​ដែលពួកគេ​បាន​ឈ្នះ​ជា​មួយ​នឹង​ការ​រក​​បាន​ពិន្ទុ​ជា​កំណត់​ត្រា​កាល​ពី​រដូ​វកាល​មុន​។ ប៉ុន្តែ ពួក​គេ​បាន​​វិល​​ទៅកាន់​ការ​ប្រជែ​ងពាន​វិញ​ តាមរយៈ​ការ​ធ្វើ​ឱ្យ​ក្រុម Liverpool រង​បរា​​ជ័យ​ជាលើក​ទី​1 ​ក្នុង​ចំណោម​ការ​ជួប​គ្នា​ 5លើក តាមរយៈ​គ្រាប់​បាល់​​បញ្ចូល​ទី​យ៉ាងល្អ​​របស់​ Leroy Sane នៅ​ចុង​តង់​ទី​2​។

ខ្សែ​ប្រយុទ្ធ​ Sergio Aguero បាន​ជួយ​ឱ្យ​ក្រុម Man City មាន​គ្រាប់​បាល់​នាំមុខ​មុន​​ក្នុង​តង់​ទី​1 ហើយ​បើ​​ទោះ​បី​ Roberto Firmino បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បន្ទាប់​ពី​ចូល​លេង​ក្នុង​តង់​ទី​2​ ក៏ដោយ ប៉ុន្តែ Man City បាន​គ្រប់​គ្រង​ការ​ភិត​ភ័យ​របស់​ពួកគេ​យ៉ាងល្អ​ជាមួយនឹង​ការ​បង្ហាញពី​​ទម្រង់​លេង​យ៉ាងល្អ​​ដែលនាំ​ឱ្យលោក Guardiola អត់មិន​សរសើរ​មិន​បាន​។

លោក Guardiola បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​មានមោទ​ន​ភាព​​ចំពោះ​ពួកគេ​។ យើង​បាន​ដឹង​ថា វា​បាន​ក្លាយ​ជា​​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃនេះ ហើយ​ប្រសិន​បើ​យើង​ចាញ់ វា​ស្ទើរ​តែ​បញ្ចប់​ទៅហើយ​»​។

គ្រូបង្វឹក​រូបនេះ​​​បាន​​ប្រាប់​បន្ថែម​ទៀត​ថា៖ «​ការ​កោត​សរសើរ​ផ្សេង​ៗ​​គួរ​តែ​ធ្លាក់​ទៅ​លើ​កីឡាករ​ដ៏ឆ្នើម​ទាំង​នេះ​។ យើង​មាន​សម្ពាធ​ជាច្រើន ប៉ុន្តែ យើង​មិន​មាន​ការ​ភ័យ​ខ្លាច យើង​មិន​មាន​ការ​បារម្ភអ្វីឡើយ​»​៕

ប្រភព​ពី៖ Channel News Asia

Advertisement