Djokovic តាម​ស្មើ​កំណត់ត្រា​របស់ Nadal តាមរយៈ​ការ​ឈ្នះ​ពាន Mubadala ទី4

កីឡាករ​វាយ​កូន​បាល់​មាន​ចំណាត់ថ្នាក់​លេខ1ក្នុង​ពិភពលោក Novak Djokovic បានឈ្នះ​ពាន Mubadala World Tennis Championship ជា​លើក​ទី4 កាលពី​ថ្ងៃ​សៅរ៍ តាមរយៈ​ការ​វាយបក​ដេញតាម​ពីក្រោយ​ដើម្បី​ផ្តួល​កីឡាករ  Kevin Anderson ក្នុង​លទ្ធផល 4-6 7-5 និង7-5។

Djokovic ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រជែង​ដណ្តើម​ពិន្ទុ​កាត់សេចក្តី​ទី5 នៅពេល​ប្រកួត​ជាមួយនឹង​កីឡាករ​សញ្ជាតិ​អាហ្វ្រិក​ខាងត្បូង ដែល​បានឈ្នះ​ពាន​ក្នុង​យុទ្ធនាការ​មុន​បើក​រដូវ​កាល​មួយ​នេះ​កាលពី​ឆ្នាំមុន។

កីឡាករ​វ័យ31ឆ្នាំ​រូបនេះ ធ្លាប់​បានឈ្នះ​ព្រឹត្តិការណ៍​ដែលមាន​រយៈពេល3ថ្ងៃមួយ​នេះ ក្នុងប្រទេស​អ៊េ​មី​រ៉ា​ត​អារ៉ាប់​រួម កាលពី​ឆ្នាំ2011 2012 និង2013 ហើយ​បច្ចុប្បន្ន បាន​តាម​ស្មើ​កំណត់ត្រា​របស់​កីឡាករ Rafael Nadal នៃ​ការ​ឈ្នះ​ពាន​នេះ​ជា​លើក​ទី4។

Djokovic ដែល​កំពុងតែ​ត្រៀមខ្លួន​ដើម្បី​ធ្វើការ​ប្រជែង​ដណ្តើមពាន Australian Open ជា​លើក​ទី7នៅ​ខែក្រោយ​នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​អស់កម្លាំង​បន្តិច។ យើង​មិនបាន​រំពឹងទុក​ថា នឹង​លេង​រយៈពេល2ម៉ោង និង30នាទី​ឡើយ នៅ​មុនពេល​ចាប់ផ្តើម​នៅ​រដូវ​កាល​នេះ»។

Djokovic ដែលជា​ម្ចាស់​ជើងឯក Wimbledon និង US Open បច្ចុប្បន្ន នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ដូ​ហា ដើម្បី​ធ្វើការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Qatar Open ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ។ រូបគេ​នឹងត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ​បូ​ស្នី Damir Dzumhur ក្នុងការ​ប្រកួត​បើកឆាក៕

ប្រភពពី៖ Channel News Asia

Advertisement