រំលង​ចោល Mbappe ក្លឹប Real Madrid នឹង​ទិញ​ខ្សែប្រយុទ្ធ​ដទៃ​ដ៏​គួរឱ្យភ្ញាក់ផ្អើល?

Mbappe (ឆ្វេង)

ការ​ទិញយក​តារាបាល់ទាត់ Kylian Mbappe គឺ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់ Real Madrid ហើយ​ពួកគេ​ក៏​គិតដល់​គោលដៅ​ផ្សេង​ដែលមាន​ប្រសិទ្ធភាព​ជាង​នេះ។

ក្នុង​បណ្ដា​រដូវ​កាល​ទិញដូរ​កីឡាករ​បាល់ទាត់​កន្លង​ទៅ Kylian Mbappe តែងតែ​ជា​គោលដៅ​សំខាន់ និង​លេចធ្លោ​របស់ Real Madrid ហើយ​មានពេលខ្លះ ក្លឹប​នេះ​វិះ​នឹង​ទទួលបាន​ហត្ថលេខា​របស់​កំពូល​ខ្សែប្រយុទ្ធ​បារាំង ។ ប៉ុន្តែ ចុងក្រោយ Mbappe ក៏​ជ្រើសរើស PSG កាលពី​ឆ្នាំ 2022។

ទោះជា​បាន​បរាជ័យ Real Madrid ក៏មិនដែល​បោះបង់​គោលដៅ​មួយ​នេះឡើយ ពិសេស​គឺ​នៅពេល​មាន​ដំណឹង​ថា Mbappe មិន​សប្បាយចិត្ត និង​ចង់​ចាក​ចេញពី PSG។ ក៏ប៉ុន្តែ តម្លៃ​ខ្លួន​ខ្ពស់​របស់ Mbappe បូករួម​នឹង​ការប្រឹងប្រែង​ចងជើង​កីឡាករ​របស់​ក្លឹប PSG ធ្វើឱ្យ Real ត្រូវ​ងាក​ទៅរក​គោលដៅ​ផ្សេង ក្នុង​គ្រា​ដែល​ក្លឹប​នេះ​ត្រូវការ​ខ្សែប្រយុទ្ធ​មក​ជំនួស Karim Benzema ដែល​មាន​​អាយុ​កាន់តែច្រើន។

យោងតាម​ប្រភពព័ត៌មាន​របស់​ទំព័រ Fichajes ក្លឹប Real Madrid កំពុង​យកចិត្តទុកដាក់​លើ Romelu Lukaku។ គ្រូបង្វឹក Carlo Ancelotti ត្រូវបាន​គេ​ជឿថា កំពុង​ពិនិត្យ​លទ្ធភាព​ទិញ​កំពូល​ថ្វី​ជើង​ជនជាតិ​បែលហ្ស៊ិក​រូប​នេះ​ ដើម្បី​បន្ថែម​កម្លាំង​ឱ្យ Benzema។

បច្ចុប្បន្ន កីឡាករ Lukaku កំពុងទាត់ឱ្យ Inter Milan ក្នុងទម្រុងឱ្យខ្ចីពី Chelsea

បច្ចុប្បន្ន កីឡាករ Lukaku កំពុង​ទាត់​ឱ្យ Inter Milan ក្នុង​ទម្រុង​ឱ្យ​ខ្ចី​ពី Chelsea។ មុន​នោះ ខ្សែប្រយុទ្ធ​វ័យ 29 ឆ្នាំ​រូបនេះ បាន​ចាក​ចេញពី Inter Milan ទៅកាន់ Chelsea ក្នុងតម្លៃ​ខ្លួន 115 លាន​អឺរ៉ូ។ ក៏ប៉ុន្តែ ឆ្លងកាត់​ការប្រកូន​មួយ​រដូវ​កាល Chelsea ក៏​បន្ត​លក់ Lukaku ឱ្យ Inter Milan ក្នុង​ទម្រង់​ឱ្យ​ខ្ចី។

ថ្មីៗនេះទៀត​ ប្រធាន​ក្លឹប Inter Milan ក៏​បានប្រកាសថា នឹង​សង​កីឡាករ​ Lukaku ទៅឱ្យ​ក្លឹប​ Chelsea វិញ ក្រោយ​រដូវ​កាល 2022/2023 បានបញ្ចប់។

ដោយសារតែ​បញ្ហា​ខាងលើ​នេះហើយ ទើប​លទ្ធភាព​នៃ​ការ​ទិញយក Lukaku ពី Inter Milan ឬ​ពី Chelsea របស់ Real Madrid អាច​កើតឡើង៕

Advertisement