លោក Klopp រំភើប ក្រោយ Liverpool បន្ត​ភាពខ្លាំង ខណៈ Man City ចាញ់​ម្តងទៀត

លោក Jurgen Kloppបាន​អំពាវនាវ​ឱ្យ​មានការ​ស្ងប់​អារម្មណ៍ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 4-០ របស់ Liverpool លើ​ក្រុម Newcastle ដែល​បាន​ជួយ​បន្ថែម​ពិន្ទុ​នាំមុខ​របស់​ក្លិប​នេះ​នៅលើ​កំពូល​តារាង​ក្របខ័ណ្ឌ Premier League រហូតដល់ 6ពិន្ទុ។

ក្រុម Liverpool កំពុងតែ​ស្ថិតក្នុង​ការរង់ចាំ ចាប់តាំងពី​ឆ្នាំ1990 ដើម្បី​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ហើយ​នៅ​រដូវ​កាល​នេះ វា​ហាក់​បង្ហាញថា​នឹង​ក្លាយជា​ឱកាស​មួយ​ក្នុងចំណោម​ឱកាស​ដ៏​ល្អ​បំផុត​របស់​ពួកគេ ដើម្បី​បញ្ចប់​ការមិន​ឈ្នះ​ពាន​សោះ​នោះ។

ការដណ្តើម​បាន​ជ័យជម្នះ​លើ​ក្រុម Newcastle នា​កីឡដ្ឋាន Anfield កាលពី​ថ្ងៃ​ពុធ បាន​កើតឡើង​តាមរយៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​កីឡាករ 4នាក់​រួមមាន DejanLovren, Mohamed Salah, XherdanShaqiriនិង Fabinho ដែល​ជួយ​ឱ្យមើល​ឃើញ​ពី​ភាពខ្លាំង​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ក្រុម Liverpool។

ស្របពេល​ជាមួយគ្នានេះ ក្រុម Manchester City បាន​រង​បរាជ័យ​ជា​លើក​ទី2 ក្នុង​រយៈពេល 5ថ្ងៃ ដោយ​ចាញ់​នៅលើ​ទឹកដី​ក្រុម Leicester 2-1។

ក្រុម Tottenham បាន​ឡើងឈរ​ពីលើ​ក្រុម Man City ក្នុង​ចំណាត់ថ្នាក់​លេខ2 ក្រោយពី​បាន​លត់​ក្រុម Bournemouth យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 5-០ ស្របពេល​ក្រុម Eden Hazard បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ក្នុងពេល​ក្រុម Chelsea បាន​យកឈ្នះ 2-1 លើ​ទឹកដី​ក្រុម Watford ប៉ុន្តែ ក្រុម​ឈរ​លេខ4 Arsenal ត្រឹមតែ​អាច​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 នៅលើ​ទឹកដី​ក្រុម Brighton។

លោក Klopp បាន​បញ្ជាក់ថា៖ «ការនាំ​មុខ 6ពិន្ទុ​ដាច់​មិនមាន​ន័យ​អ្វី​ឡើយ។ យើង​នឹងត្រូវ​លេង​ជាមួយនឹង​ក្រុម Arsenal និង Man City។ វា​ជា​រឿង​ល្អ​ដែល​យើង​មាន 6ពិន្ទុ​បន្ថែមទៀត​ច្រើនជាង​ក្រុម​ផ្សេង ឬ7ពិន្ទុ​នោះ»៕

Advertisement