អនាគត​បេក្ខភាព​ប្រធាន​ FAT របស់​ថៃ​៖ «បើ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង»

អតីត​កីឡាករ​ឆ្នើម Piyapong Pew On ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​សម្រាប់​តំណែង​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​របស់​ប្រទេស​ថៃ​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ បើ​ទោះ​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ថៃ (FAT) ត្រូវ​ធ្វើ​ឡើង​នៅ​​ខែ​មេសា ឆ្នាំ 2024 ប៉ុន្តែ​ស្ថានការណ៍​ប្រែ​ប្រួល​នៅ​មុន​ការ​បោះ​ឆ្នោត​នេះ កំពុង​តែ​ឡើង «​កម្ដៅ​»។ Piyapong Pew On ដែល​ជា​អតីត​កីឡាករ​ឆ្នើម​របស់​បាល់​ទាត់​ថៃ នឹង​ក្លាយ​ជា​​បេក្ខភាព​​​សម្រាប់​​តំណែង​នេះ​។

ចែក​រំលែក​អំពី​ការ​សម្រេច​ចិត្ត​ខាងលើ លោក Piyapong Pew On បាន​បង្កការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​ប្រកាស​ថា នឹង​លាលែង​ពី​តំណែង​ បើ​សិន​មិន​អាច​ជួយ​ឱ្យ​បាល់​ទាត់​ថៃបាន​​ចូល​រួម​ប្រកួត​នៅ​ World Cup។

«… ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​កាន់​តំណែង​ប្រធាន​ FAT​។ បើ​សិន​សមាជិក​ សមាជិកា​គាំទ្រ​ ខ្ញុំ​សន្យា​ចំពោះ​គ្រប់​គ្នា​ថា នឹង​បំពេញ​កាតព្វកិច្ច​ក្នុង​រង្វង់​បួន​ឆ្នាំ​។ បើ​សិន​ក្រុម​ជម្រើស​ជាតិ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង​ ហើយ​ធ្វើ​កិច្ច​ការ​ក្នុង​វិស័យ​បាល់​ទាត់​ជាមួយ​នឹង​តួនាទី​ផ្សេង» អតីត​កីឡាករ​ឆ្នើម​របស់​ប្រទេស​ថៃ លោក Piyapong Pew On អះអាង​ដូច្នេះ​។

លោក Piyapong Pew On បញ្ជាក់​ថា លោក​មិន​ប្រជែង​ដើម្បី​មុខ​​តំណែង​ ប៉ុន្តែ​លោក​មាន​ភាព​ម៉ឺង​ម៉ាត់​ដោយ​រំពឹង​ថា​នឹងអភិវឌ្ឍ​ និង​បង្កើត​វប្បធម៌​បាល់​ទាត់​ថៃ​ទៅ​តាម​ស្មារតី​ «ភាព​ត្រឹម​ត្រូវ​ ភាព​ស្មោះ​ត្រង់ តម្លាភាព​ និង​មាន​ការ​ផ្ទៀង​ផ្ទាត់​»។

លោក Piyapong Pew On ក៏​ជា​អ្នក​ដែល​បាន​រិះ​គន់​ទៅលើ​ក្រុម​គ្រូបង្វឹក​របស់​ក្រុម​បាល់​ទាត់​ U22 ថៃ នៅ​ក្នុង​ករណី​វាយ​តប់​គ្នា​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ស៊ីហ្គេម​លើក​ទី 32 រវាង​ U22 ថៃ និង U22 ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ 16 ខែ​ឧសភា 2023​។

លោក Piyapong Pew On

«ករណី​ហិង្សា​កើត​ឡើង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី។ នោះ​គឺជា​រឿង​ដែល​កីឡាករ​ថៃ​ត្រូវ​រៀន​សូត្រ ពិសេស​គឺ​ការ​គ្រប់​គ្រង​កំហឹង។ ប៉ុន្តែ នោះ​គឺជា​បញ្ហា​ដែល​មិន​គួរ​កើតឡើង​ និង​មិន​អាច​លើក​លែង​ទោស​ នៅ​ពេល​ក្រុម​គ្រូបង្វឹក​ទាំង​មូល​សម្រុក​ចូល​បង្ក​ហេតុ​ជាមួយ​ឥណ្ឌូណេស៊ី​។ ពួក​គេ​គួរ​ណាស់​តែ​រារាំង​កីឡាករ​ក្មេងៗ​ តែ​បែរ​ជា​ធ្វើ​ឱ្យ​មាន​កំហុស​ដោយខ្លួន​ឯង​ទៅ​វិញ​» លោក Piyapong Pew On ថ្លែង​ដូច្នេះ​។

លោក Piyapong Pew On បន្ថែម​ថា «ទោះជា​យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​គ្រូបង្វឹក​ ថៃ​ត្រូវ​ការ​មនុស្ស​ហ្មត់ចត់​ជាង​ដើម្បី​ដឹក​នាំ​ក្រុម​កីឡាករ​ក្មេង មិន​ដូច្នេះ​ទេ យើង​នឹង​ត្រូវ​បាន​បំផ្លាញ​ដូច​នៅ​ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ស៊ីហ្គេម​លើក​នេះ​»​។

លោក Piyapong Pew On អាច​នឹង​ត្រូវ​ប្រកួត​ប្រជែង​ដណ្ដើម​តំណែង​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ថៃ ជាមួយ​នឹង​អតីត​ប្រធាន​ FAT លោក Worawee Makudi អាយុ 72 ឆ្នាំ​។ កន្លង​មក លោក Worawee Makudi ​ក៏​​បាន​បញ្ជាក់​ថា នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាពសម្រាប់​តំណែង​នេះ​ជា​ថ្មី​​ បើ​ទោះ​ផ្ទុយ​ពី​ការ​កំណត់​ដែល​ហាម​បេក្ខភាព​ដែល​មាន​អាយុ​លើស​ពី 70 ឆ្នាំ​។ ប្រធាន FAT បច្ចុប្បន្នដែល​ត្រូវ​ចប់​អាណត្តិ​នៅ​ខែ​កុម្ភៈ ឆ្នាំ 2024​ ​គឺ​លោក Somyot Poompanmoung​៕

Advertisement