Man City ស្ថិតយ៉ាងប្រកៀកក្នុងការទិញយកអ្នកចាំទី Ederson ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក

ក្លិបយក្សរបស់អង់គ្លេស Manchester City កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយនឹងអ្នកចាំទី Ederson Moraes របស់ក្លិប Benfica ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកសម្រាប់អ្នកចាំទីម្នាក់។

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City បានចាប់អារម្មណ៍ទៅលើអ្នកចាំទីអន្តរជាតិប្រេស៊ីលរូបនេះជាយូរមកហើយ និងបានធ្វើការជួសជុលក្រុមរបស់លោកតាមរយៈការអនុញ្ញាតឲ្យអ្នកចាំទី Willy Caballero ចាកចេញពីក្លិបរបស់ខ្លួនកាលពីថ្ងៃសុក្រ។

ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពាន Portuguese Cup វគ្គផ្តាច់ព្រ័ត្រ លើក្រុម Vitoria Guimaraes កាលពីថ្ងៃសៅរ៍ Ederson វ័យ២៣ឆ្នាំ បាននិយាយថា នេះប្រហែលជាការប្រកួតលើកចុងក្រោយរបស់គេសម្រាប់ក្លិប Benfica ហើយ។ អ្នកចាំទីរូបនេះបានឲ្យដឹងថា៖ «ខ្ញុំនៅតែមិនទាន់ដឹងនៅឡើយ ប៉ុន្តែនេះអាចជាការប្រកួតលើកចុងក្រោយរបស់ខ្ញុំសម្រាប់ Benfica»។

តម្លៃខ្លួនរបស់ Ederson នឹងក្លាយជាតម្លៃខ្លួនកំណត់ត្រាពិភពលោកសម្រាប់អ្នកចាំទីម្នាក់ ខណៈរូបគេក៏នឹងបំបែកកំណត់ត្រាលើតម្លៃខ្លួន៣២,៦លានផោន ដែលក្លិប Juventus ធ្លាប់បានចំណាយដើម្បីទិញយក Gianluigi Buffon ពីក្លិប Parma កាលពីឆ្នាំ២០០១ ដែរ។ Man City នឹងត្រូវចំណាយប្រាក់ដល់ទៅ៣៤,៩លានផោន (ស្មើនឹង៤៥លានដុល្លារអាមេរិក) សម្រាប់អ្នកចាំទី Ederson ដែលអាចទាត់បាល់បានយ៉ាងឆ្ងាយបំផុត។

លោក Guardiola ត្រូវបានគេមើលឃើញថា ក៏កំពុងតែចាប់អារម្មណ៍ទៅលើខ្សែការពារអន្តរជាតិបារាំង Benjamin Mendy វ័យ២២ឆ្នាំ របស់ក្លិប Monaco ផងដែរ។ ក្រោយពីមិនអាចឈ្នះពានសូម្បីតែមួយក្នុងរដូវកាលជាលើកទី១របស់លោកក្នុងនាមជាគ្រូបង្វឹកមក លោក Guardiola កំពុងតែមានគម្រោងចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់បង្កើនសមត្ថភាពក្រុមនៅរដូវក្តៅនេះ៕
ប្រភពពី៖ BBC

Advertisement