Real ជួយ​ឱ្យលោក Lopetegui ធូរ​ស្រាល ខណៈ Ronaldo ផ្តល់​បរា​ជ័យ​ដល់ Man Utd

វា​ប្រហែល​ជាមិន​គ្រប់គ្រាន់​ក្នុងការ​សង្គ្រោះ​លោក JulenLopetegui ឡើយ ប៉ុន្តែ​ការដ​ណ្តើម​បាន​ជ័យជម្នះ​​ក្នុងលទ្ធផល 2-1 ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League របស់​ក្រុម Real Madrid លើក្រុម Viktoria Plzen កាល​ពី​ថ្ងៃ​អង្គារ បាន​បញ្ឈប់​ការ​ធ្លាក់​ចុះ​ទម្រង់​លេង និង​បាន​រក្សា​ការ​ជឿជាក់​ខ្លះ​​ឡើង​វិញ​។

ក្រុម Barcelona គឺ​ជាក្រុម​បន្ទាប់​ដែល​ត្រូវ​ជួប​នៅកីឡដ្ឋាន Camp Nou ហើយ​បើ​ទោះ​បីគូ​ប្រកួត​របស់​ខ្លួន​អវត្តមាន​តារាឆ្នើម Lionel Messi ក៏ដោយ ប៉ុន្តែ Real ប្រហែល​ជា​មិន​អាច​ទទួល​បាន​ឱកាសល្អ​ប្រសើរ​​ដូច​​ពេល​ធ្វើ​ជាម្ចាស់​ផ្ទះ Plzen នៅកីឡដ្ឋាន Santiago Bernabeu ​ឡើយ​។ ប៉ុន្តែ ក្រោយពី​មិនស្គាល់​ឈ្នះ​សោះ​ពី​ការប្រកួត​ 5​លើក​ចុងក្រោយ និង​ការ​ចាញ់​ 3លើក​ជាប់​ៗ​គ្នា ការ​ដណ្តើម​បាន​ជ័យជម្នះ​ពិត​ជា​សំខាន់​ណាស់ ហើយ Real ដណ្តើម​បាន​ជ័យ​ជម្នះ​នោះ​​តាម​រយៈ​គ្រាប់​បាល់​បញ្ចូល​ទីក្នុង​តង់​​នីមួយ​ៗ ពី​កីឡាករ Karim Benzema និង Marcelo។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​អប​អរ​ការ​វិល​​ត្រឡប់​របស់​គេ​ទៅ​កាន់​កីឡដ្ឋាន Old Trafford ជាមួយ​នឹង​ជ័យ​ជម្នះ​មួយ ខណៈ​ដែល​​ក្រុម Juventus បាន​ផ្តួល​ក្រុម Manchester United 1-០ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ  Champions League​។ ក្រុម Man United របស់​លោក Jose Mourinho ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​ 1លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួត​7​លើក​ចុងក្រោយ ក្រោយពី​ពួក​គេ​បាន​រង​បរា​ជ័យ​នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម Juventus​។

បន្ទាប់​ពី​បាន​ប្រឈម​​មុខនឹង​សំណួរ​ដ៏​មិន​គួរឱ្យរីក​រាយ​ផ្សេង​ៗនៅមុន​ពេល​ការ​ប្រកួត​ជុំ​វិញ​ការ​ចោទ​ប្រកាន់​លើ​ករណី​រំលោភ​ប្រឆាំង​នឹង​រូប​គេ​នៅ​សហ​រដ្ឋ​អាមេរិកនោះ  Ronaldo បាន​ដើរ​តួនាទី​យ៉ាងសំខាន់នៅ​លើ​ទីលាន​សម្រាប់​ក្រុម Juventus តាម​រយៈ​ការ​​ជួយ​ឱ្យ Paulo Dybala រក​បានគ្រាប់​បាល់​នៅ​នាទីទី​17​​៕

ប្រភព​ពី៖ Sport24

Advertisement