AFF Cup 2022 – លទ្ធផលនៃការប៉ះគ្នា «កាលពីអតីតកាល» ដ៏គួរឱ្យភ្ញាក់ផ្អើលរវាង ថៃ និង ម៉ាឡេស៊ី នៅ Bukit Jalil

Zaquan Adha របស់​ ម៉ាឡេស៊ី ដណ្ដើម​បាល់​ជាមួយ​នឹង​ Philip Roller របស់​ ថៃ ក្នុង​ការ​ប្រកួត​ជុំ​ទី​ពីរ​នៃវគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​របស់ AFF Suzuki Cup 2018

ក្រុម​ជម្រើសជាតិ​ថៃ មិន​ធ្លាប់​បានឈ្នះ​ ម៉ាឡេស៊ី នៅ Bukit Jalil ហើយ​ក្នុង​ជ្រុង​មួយ​ផ្សេងទៀត សហព័ន្ធ​បាល់ទាត់​ម៉ាឡេស៊ី ឱ្យដឹងថា សំបុត្រ​ចូល​ទស្សនា​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៅ AFF Cup 2022 ​រវាង ម៉ាឡេស៊ី និង ថៃ ត្រូវបាន​ទិញ​អស់។

មួយថ្ងៃ​បន្ទាប់ពី​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង ឥណ្ឌូណេស៊ី និង វៀតណាម ដែល​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​មាន​កោះ​រាប់ម៉ឺន ការប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង ម៉ាឡេស៊ី និង ថៃ ក៏​នឹង​ធ្វើឡើង​នៅ ម៉ាឡេស៊ី។

អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺថា ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ មិនទាន់​ដណ្ដើមបាន​ភាពសប្បាយ​រីករាយ​ម្ដងណា​ឡើយ​នៅលើ​វាលស្មៅ Bukit Jalil។ ជារួម ថៃ បាន​ចាញ់ 3 ប្រកួត និង​ស្មើ 2 ប្រកួត នៅក្នុង 5 ប្រកួត​ដែល ថៃ ធ្វើជា​ភ្ញៀវ​នៅកីឡដ្ឋាន Bukit Jalil របស់ ម៉ាឡេស៊ី។

ខាងលើនេះ​គឺជា​ស្ថិតិ​ដែល​មិនល្អ​សម្រាប់ ក្រុម​ជម្រើសជាតិ​ថៃ ហើយ​វា​បង្ហាញថា ម៉ាឡេស៊ី ពិតជា​ឧបសគ្គ​ធំ​សម្រាប់​​អ្នកការពារ​ជើងឯក​ថៃ។

វីដេអូខាងលើ​គឺ​ជា​ការ​ប្រកួត​ជើង​ទី​ 2 នៃ​​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2014 ដែល​ ម៉ាឡេស៊ី ឈ្នះ ថៃ 3-2។

មិន​ត្រឹម​តែមាន​លទ្ធផល​អវិជ្ជមាន​នៅពេល​ទាត់​នៅ Bukit Jalil នោះទេ ប៉ុន្តែ ថៃ ក៏ត្រូវ​ប្រឈម​នឹង​សម្ពាធ​ពី​ទស្សនិកជន​នៅ ម៉ាឡេស៊ី ផងដែរ នៅពេល​ធ្វើជា​ភ្ញៀវ​នា​ថ្ងៃទី 07 មករា​ខាងមុខ។

យោងតាម សហព័ន្ធ​បាល់ទាត់​ម៉ាឡេស៊ី គណៈ​កម្មការ​បាន​ដាក់លក់​សំបុត្រ​ចំនួន 59,000 សំបុត្រ​សម្រាប់​ការប្រកួត​ខាងលើ ហើយ​ក្នុង​រយៈពេល 2 ថ្ងៃមុន​ការប្រកួត សំបុត្រ​ទាំងនេះ​ត្រូវបាន​លក់​អស់​គ្មាន​សល់។

កីឡដ្ឋាន Bukit Jalil

កីឡដ្ឋាន Bukit Jalil អាចដាក់​មនុស្ស​បានជា​ង 87 ពាន់​នាក់ ប៉ុន្តែ ម៉ាឡេស៊ី លក់​តែ 59,000 សំបុត្រប៉ុណ្ណោះ​ ព្រោះតែ​ការសង់​រោង​ប្រគំ​តន្ត្រី​មួយ​នៅ​ក្នុង​កីឡដ្ឋាន ប៉ះពាល់​ដល់​ទស្សនិកជន។

កីឡដ្ឋាន Bukit Jalil

ប្រធាន​គណៈប្រតិភូ​បាល់​ទាត់​ថៃ លោកស្រី Nualphan Lamsam យល់ថា សម្ពាធ​នៅពេល​ត្រូវ​ធ្វើជា​ភ្ញៀវ​ក្នុង​កីឡដ្ឋាន​ដែលមាន​មនុស្ស​ច្រើន​គឺ​ពិតជា​ធំធេង។ «វា​នឹង​ជាការ​ប្រកួត​ដ៏​លំបាក» លោកស្រី​ថ្លែង​ដូច្នេះ និង​បន្ត «ថៃ មិន​ធ្លាប់បាន​ផ្ដួល ម៉ាឡេស៊ី នៅលើ​ទីលាន​នេះ។ ដូច្នេះ យើង​ត្រូវតែ​ត្រៀម​ឱ្យបាន​រួចរាល់​ទាំង​កម្លាំងកាយ ទាំង​កម្លាំង​ស្មារតី»៕

Advertisement