លោក Pochettino អំពាវនាវ​ដល់អ្នកគាំទ្រ កុំឱ្យចិត្ត​ក្ដៅ មុន​ពេល Spurs ប៉ះ  PSV រាត្រី​នេះ

លោក Mauricio Pochettino ​អ្នក​ចាត់​ការ​ទូទៅនៃក្លិប Tottenham Hotspur បាន​ប្រាប់ទៅ​អ្នក​គាំទ្រ​​របស់​ក្រុមជុំ​វិញ​​ឥរិយា​បថ​របស់​ពួកគេ នៅមុន​​ពេល​ការ​ធ្វើ​ដំណើរ​​របស់​ពួក​គេ​​ទៅកាន់​ទឹកដីក្រុម PSV Eindhoven ដើម្បីធ្វើការ​ប្រកួតក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ តាម​រយៈ​ការ​​អំពាវ​នាវ​សូមកុំ​ឱ្យ​កើតមានទិដ្ឋ​ភាព​​បែប​ហិង្សា​ម្តង​ទៀត ដែលកាលពីលើកមុន​បាន​កើត​ឡើង​ម្ដងរួចមកហើយក្នុង​ពេលដែល​ក្រុម​​ទាំង​2 ​​ជួប​គ្នា​ជាលើក​ចុងក្រោយ​។

Spurs បាន​ជួប​ក្រុម PSV ជាលើក​​ចុងក្រោយ ក្នុង​ពាន UEFA Cup កាលពីឆ្នាំ​2008 ក្នុ​ងការ​ប្រកួតមួយ​ដែល​ត្រូវ​បាន​រំខាន​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​​ទាំង​ 2​ក្រុម​។ គ្រូបង្វឹក​សញ្ជាតិ​អា​ហ្សង់​ទីន​រូបនេះ បាន​និយាយ​ក្នុងសន្និ​សីទ​សារ​ព័ត៌​មាន​មួយ​កាលពីថ្ងៃ​អង្គារ​ថា៖ «ការណែនាំ​របស់​ខ្ញុំ​គឺ​ការ​​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​អ្នក​នឹង​​ធ្វើ​។ វា​គឺ​​ជា​​ការ​គាំទ្រ​ក្រុម​របស់​អ្នក ប៉ុន្តែ​អ្វី​ៗ​ទាំងអស់ វា​មាន​ព្រំ​ដែន និង​ព្យា​យាម​ធ្វើ​​ឥរិយា​បថ​ក្នុង​របៀប​ដែល​យើង​ចង់​បាន​ និង​រំពឹង​ទុក​»​​។ លោក Pochettino បាន​បន្ថែម​ទៀត​ថា៖ «យើង​​ចង់​បាន​​ព័ត៌​មាន​ល្អៗនៅ​ថ្ងៃ​ស្អែក​ទាក់​ទង​នឹង​​​អ្វី​ដែល​​កើត​ឡើង​លើ​ទីលាន​ប្រកួត​»​។ ក្រុម​ទាំង​2 កំពុង​តែ​សម្លឹង​រក​​​ការ​ដណ្តើម​បាន​ពិន្ទុ​ជាលើក​ទី​1 ​របស់​ពួក​គេ​ ក្នុង​ពូល B ដោយ​ដឹង​ថា ការ​បរា​ជ័យ នឹង​ស្ទើរ​តែ​បញ្ចប់​ក្តី​សង្ឃឹម​របស់​ពួក​គេ​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ 16ក្រុម​ចុងក្រោយ​។

ក្រុម Barcelona និង Inter Milan ដែលមាន​ 6ពិន្ទុ​ដូចគ្នា​ពីការប្រកួត​ 2លើក នឹង​ត្រូវ​ជួប​គ្នា​នៅ​រាត្រីនេះ ក្នុង​ការ​ប្រកួត​ 1​គូ​ផ្សេង​ទៀត​។ ក្រុម Spurs ដណ្តើម​បាន​ពិន្ទុ​ជាច្រើន​ពីការប្រកួត​ 9លើកដំបូង​​នៃក្រប​ខ័ណ្ឌ Premier League នៅ​រដូ​វកាល​នេះ ដោយ​ឈ្នះ​ 7​លើក​ក្នុង​ចំណោមការ​ប្រកួត​ទាំង​នោះ​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ 11:55យប់៕

ប្រភព​ពី៖ Channel News Asia

Advertisement