Hamilton ត្រូវ​រង់​ចាំ​សម្រាប់​ការ​ឈ្នះ​ពាន ខណៈ Raikkonen ឈ្នះ​ការ​ប្រណាំងនៅ​អាមេរិក

កីឡាករ Lewis Hamilton ត្រូវ​បាន​បង្ខំ​ឱ្យ​រង់​ចាំ​សម្រាប់​ការ​ឈ្នះ​ពាន​ពិភព​លោក​ជាលើក​ទី​5 នៅពេលដែល​រូប​​គេ​បានប​ញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​3 ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត US Grand Prix កាល​ពីថ្ងៃ​អាទិត្យ ខណៈ​ដែល​កីឡាករ Kimi Raikkonen របស់​ក្រុម Ferrari ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី​1​ក្នុង​រយៈពេល​​ច្រើន​ជាង​ 5​ឆ្នាំ​។

គូ​ប្រជែង​ដណ្តើម​ពាន Sebastian Vettel របស់​ក្រុម Ferrari បាន​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​4 ដែល​មាន​ន័យ​ថា ការ​ប្រជែង​ពាន​ពិភព​លោក នឹង​ត្រូវ​កាត់​សេចក្តី​ក្នុង​ប្រទេស​ម៉ិក​ស៊ិក នៅ​ចុង​សប្តាហ៍​ក្រោយ​ជំនួស​វិញ​។ បច្ចុប្បន្ន Hamilton កំពុងនាំមុខ​លើ Vettel ចំនួន​ 70​ពិន្ទុ ហើយ​ស្រប​ពេល​ដែល​មានពិន្ទុ​​​នៅសល់​ចំនួន​ 754ពិន្ទុ​ទៀត​ដែល​ត្រូវ​ដណ្តើម​យក​ក្នុងការ​ប្រណាំង​​ 3លើក​ចុងក្រោយ រូប​គេ​​អាច​ឈ្នះពាន​ពិភព​លោក​ជាលើក​ទី​5 តាម​រយៈ​ការ​បញ្ចប់​ក្នុង​ចំណាត់​​ថ្នាក់​លេខ​7 នៅ​ប្រទេស​ម៉ិក​ស៊ិក ប្រសិន​បើ Vettel ទទួល​ជ័យជម្នះ​។ ប្រសិន​បើ Vettel មិន​អាច​ដណ្តើម​បាន​ជ័យជម្នះ​ទេ​នោះ Hamilton នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​។ កីឡាករ Max Verstappen របស់​ក្រុម Red Bull បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​​លេខ​2 កាល​ពីថ្ងៃ​អាទិត្យ ក្រោយពី​ចេញ​ដំណើរ​ពីលេខ​រៀង​ទី​18​​។

Hamilton ដែល​បាន​ចាប់​ផ្តើម​ប្រណាំង​ដោយ​ចេញ​ដំណើរ​ពី​លេខ​រៀង​ទី​1 និង​សម្លឹង​រក​ការ​ឈ្នះ​ជាលើក​ទី​6 ​របស់​គេ​នៅលើ​​ផ្លូវ Circuit of the Americas បាន​ឱ្យ​ដឹង​ថា​៖ «សូម​អប​អរ​សាទរ​ចំពោះ Kimi និង​​អប​អរ​ដល់ Max ផងដែរ​។ នេះ​គឺ​ជា​ការ​ប្រណាំង​ដ៏ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន​នៅថ្ងៃនេះ ហើយ​វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​យើង​​ត្រូវ​តែ​ធ្វើ​ការ​ប្រណាំង​ដ៏​ស្វិត​ស្វាញ​»​។ Raikkonen ដែល​ការ​ឈ្នះ​ជាលើក​ចុងក្រោយ​របស់​គេ បាន​កើត​ឡើង​ក្នុង​ព្រឹត្តិការណ៍ Australian Grand Prix ឆ្នាំ​2013​ នោះ មិន​បាន​បង្ហាញពីការ​រំភើប​ខ្លាំង​ឡើយ​៕

ប្រភ​ព​ពី៖ Channel News Asia

Advertisement