ក្លិប Liverpool យល់ព្រម​លើ​តម្លៃ​ខ្លួន​ដើម្បី​ទិញ Oxlade-Chamberlain ពី Arsenal

ក្លិប​ហង្ស​ក្រហម Liverpool បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន 35លាន​ផោន (ស្មើនឹង 46លាន​ដុល្លារ​អាមេរិក) ជាមួយនឹង​ក្លិប Arsenal ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស Alex Oxlade-Chamberlain។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​នានា​កាលពី​ថ្ងៃ​ពុធ។

Oxlade-Chamberlain ស្ទើរតែ​បាន​ចូលរួម​ជាមួយនឹង​ក្លិប Chelsea កាលពីដើម​សប្តាហ៍​នេះ​ទៅហើយ ក្រោយពី​ក្រុម​ម្ចាស់​ជើងឯក​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ​បានដាក់​សំណើ​ដេញថ្លៃ និង​ត្រូវបាន​ទទួលយក​ដោយ Arsenal សម្រាប់​កីឡាករ​វ័យ24ឆ្នាំ​រូបនេះ។ ប៉ុន្តែ ក្លិប Liverpool ហាក់ដូចជា​ឈ្នះ​ក្នុងការ​ប្រជែង​ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង Oxlade-Chamberlain នៅ​មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវ​បិទ​នៅ​រាត្រី​នេះ។

វា​ត្រូវបាន​គេ​ជឿជាក់ថា Liverpool គឺជា​ក្លិប​ដែល Oxlade-Chamberlain ចង់​ផ្ទេរ​ទៅ ហើយ​រូបគេ​មិនបាន​ធ្វើការ​ពិភាក្សា​ជាមួយនឹង​ក្លិប Chelsea ឡើយ ស្រប​ពេលដែល​រូបគេ​បាន​រង់ចាំ​មើលថា តើ​ក្រុម​របស់លោក Jurgen Klopp នឹងដាក់​សំណើ​ដេញថ្លៃ​យក​រូបគេ ឬ​យ៉ាងណាដែរ?។ បច្ចុប្បន្ន Oxlade-Chamberlain កំពុងតែ​បំពេញ​កាតព្វកិច្ច​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ត្រូវបាន​រំពឹងទុក​ថា បានទទួល​ការពិនិត្យ​សុខភាព​នៅឯ​ទីលាន​ហ្វឹកហាត់ St George’s Park កាលពី​ល្ងាច​ថ្ងៃ​ពុធ​មុនពេល​ចុះហត្ថលេខា​រយៈពេល 6ឆ្នាំ​ជាមួយនឹង​ក្លិប Liverpool។

លោក Arsene Wenger អ្នកចាត់ការ​ទូទៅ​រប​ស់ Arsenal បានសម្រេច​ចិត្ត​លក់ Oxlade-Chamberlain ពីព្រោះ​អតីត​កីឡាករ​របស់​ក្លិប Southampton រូបនេះ នឹង​ផុត​កិច្ចសន្យា ហើយ​និង​ត្រូវ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ចុងរដូវ​កាល​នេះ៕

ប្រភពពី៖ Sport24

Advertisement