Kyrgios ភ្ញាក់ផើ្អល​​​ចំពោះ​ក្តី​ស្រឡាញ់​របស់​អ្នក​គាំទ្រ​រុស្ស៊ី

កីឡា​ករ​វាយកូន​​បាល់ Nick Kyrgios បាន​បញ្ជាក់​ថា រូប​គេមានការ​ភ្ញាក់ផ្អើល​​ក្នុ​ង​ពេល​ទទួល​បាន​ការ​អប​អរ​ពីសំណាក់​អ្នក​គាំទ្រ​​ម្ចាស់​ផ្ទះ នៅពេល​ដែល​រូប​គេ​បាន​ផ្តួលកីឡាករ​រុស្ស៊ី Andrey Rublev ក្នុងលទ្ធផល 6-3 4-6 និង​6-4 ក្នុង​ការ​ប្រកួត​ជុំ​ទី​1 ​នៃ​ព្រឹត្តិការណ៍ Kremlin Cup កាលពីថ្ងៃ​អង្គារ​។

កីឡាករ​សញ្ជាតិ​អូ​ស្ត្រាលី​ដែលមាន​ចំណាត់​ថ្នាក់​លេខ​5 ​ប្រចាំ​ព្រឹត្តិការណ៍​នៅ​ទីក្រុង​ម៉ូស្គូរូបនេះ បាន​វាយ​​កូន​បាល់​យ៉ាងល្អ​ចំនួន​ 24លើក​ដើម្បី​ឈ្នះ​ការ​​ជួប​គ្នា​ជាលើក​ទី​1 ​របស់​គេ​​ជា​មួយ​នឹង​ Rubvlev វ័យ​20ឆ្នាំ​។ Kyrgios បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​ក្នុង​ការលេង​នៅ​លើ​​ទីលានក្នុងសាល ហើយ​យើង​បាន​លេង​ជា​មួយ Andrey ជាច្រើន​លើក​ក្នុង​ពេល​រូប​គេ​ស្ថិត​ក្នុង​វ័យ​ក្មេង​។ រូប​គេ​នឹង​មាន​អាជីព​ដ៏អស្ចារ្យ​មួយ​»​។ កីឡាករ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ពិត​ជាមានការ​ភ្ញាក់​ផ្អើលខ្លាំងណាស់​​ដែល​មនុស្ស​ជាច្រើន​បាន​អប​អរ​ដល់ខ្ញុំ​នៅ​ទីនេះ​។ វា​ពិត​ជាល្អ​ណាស់​។

ជា​ធម្ម​តា នៅពេលដែល​ខ្ញុំ​​​មិន​ស្ថិតនៅ​ផ្ទះ ខ្ញុំ​​មិនមែន​ជា​មនុស្ស​គួរ​​ឱ្យ​ស្រឡាញ់​បំផុត​ឡើយ ប៉ុន្តែ វា​ជា​រឿង​ដ៏​ល្អ​មួយក្នុង​ការ​ស្តាប់​ឮសំឡេង​អប​អរ​។ ខ្ញុំ​មានអារម្មណ៍​ហាក់​ដូច​​នៅ​ផ្ទះខ្លួន​​​ឯង​អ៊ី​ចឹង​»​។ Kyrgios វ័យ​ 23​ឆ្នាំ ដែល​បានធ្លាក់​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​37 លើ​តារាង​ពិភព​លោក ក្រោយពី​ធ្លាក់​ចុះ​ទម្រង់​លេង​នៅ​ឆ្នាំនេះ នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹងកីឡាករ Mirza Basic ក្នុង​វគ្គ​ 16​នាក់​ចុងក្រោយ ក្រោយពីកីឡាករ​សញ្ជាតិ​បូស្នី​រូបនេះ បានផ្តួល​កីឡាករ​ទុយ​នីស៊ី MalekJaziri ក្នុង​លទ្ធផល 7-6 (7/4) និង​6-2​៕

ប្រភព​ពី៖ Channel News Asia

Advertisement