អង្គការ​លើកលែងទោស​ថា កម្មករ​ធ្វើការ​ក្នុង World Cup នៅ​កាតា មិនបាន​ទទួល​ប្រាក់​ច្រើន​ខែ​មកហើយ

កម្មករ​អន្តោប្រវេសន៍​ជាច្រើន​នាក់​ដែល​កំពុងធ្វើការ​នៅក្នុង​ទីក្រុង​ម្ចាស់ផ្ទះ World Cup ឆ្នាំ2022 ក្នុង​គម្រោង​ទឹកប្រាក់ 45ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ប្រទេស​កាតា មិន​បានទទួល​ប្រាក់បៀវត្សរ៍​អស់​រយៈពេល​ច្រើន​ខែ​មកហើយ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អង្គការ​លើកលែងទោស​អន្តរជាតិ នៅ​ថ្ងៃ​ពុធ​នេះ ខណៈដែល​នេះ​គឺជា​ការចោទប្រកាន់​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ​ប្រឆាំងនឹង​ម្ចាស់ផ្ទះ World Cup ឆ្នាំ2022។

ក្រុមហ៊ុន Mercury MENA មិនបាន​បង់ប្រាក់​ឱ្យ​កម្មករ​របស់ខ្លួន​រាប់ពាន់នាក់​ទាក់ទង​នឹង​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ​នានា ដែលនាំឱ្យ​ពួកគេ​រស់នៅក្នុង​ភាព​ត្រដរខ្យល់​ក្នុងប្រទេស​នេះ។ នេះ​បើ​យោងតាម​អង្គការ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង​ដ៍​មួយ​នេះ។

ទោះបីជា​យ៉ាងណា ក្នុងការ​ឆ្លើយតបផ្សេងៗ អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA បាន​ចោទប្រកាន់​អង្គការ​លើកលែងទោស «ពីបទ​យល់ច្រឡំ» និង​បាន​បញ្ជាក់ថា ការមិន​បង់ប្រាក់​មិន​ទាក់ទង​នឹង​យុទ្ធនាការ World Cup ឆ្នាំ2022ទេ។ អង្គការ​លើកលែងទោស​មួយ​នេះ បាន​ចោទប្រកាន់ថា កម្មករ​យ៉ាងហោចណាស់ 78នាក់​មកពី​ប្រទេស​នេ​ប៉ាល់ ឥណ្ឌា និង​ហ្វីលីពីន មិន​បានទទួល​ប្រាក់ខែ​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ2016 និង​ត្រូវបាន​គេ​ជំពាក់​ប្រាក់ 2,000ដុល្លារ ដែល​ស្មើនឹង​ប្រាក់ខែ​ជាច្រើន​ខែ។ ក្នុង​ករណីខ្លះ ការមិនទទួលបាន​ប្រាក់ខែ​បែបនេះ បាន​កម្ទេច​ជីវិត​មនុស្ស​ជាច្រើន។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អង្គការ​លើកលែងទោស ដែល​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​រប​ស់​ទីក្រុង​ដូ​ហា បង់ប្រាក់​ទៅឱ្យ​កម្មករ ខណៈដែល​កម្មករ​ខ្លះ បាន​ជំពាក់​បំណុល​គេ​ជាច្រើន​ដើម្បី​ទទួលបាន​ការងារ​មួយ​ក្នុងប្រទេស​កាតា​នេះ។

លោក Ernesto ដែលជា​កម្មករ​ម្នាក់​ទៅ​ពី​ប្រទេស​ហ្វីលីពីន បាន​ប្រាប់​អង្គការ​លើកលែងទោស​ថា លោក​បាន​ជាប់បំណុល​ជាច្រើន ក្រោយពី​ធ្វើការ​នៅ​កាតា អស់​រយៈពេល​ច្រើនជាង 2ឆ្នាំ មុនពេល​លោក​បាន​ទៅដល់​ប្រទេស​នេះ៕

ប្រភពពី៖ Channel News Asia

Advertisement