កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង យល់​ព្រម​ដាក់​សំណើ​ដេញថ្លៃ​​រួម​គ្នា ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អូឡាំ​ពិក​ឆ្នាំ​2032

ប្រទេស​កូរ៉េ​ទាំង​2 បាន​យល់​ព្រម​ក្នុង​ការ​​ដាក់​សំណើ​មួយ​ដើម្បី​​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍​អូឡាំ​ពិក​ឆ្នាំ​2032​។ នេះ​​បើ​យោង​​​​តាម​​ការ​បញ្ជាក់​របស់​ពួក​គេក្នុង​សេចក្តី​ថ្លែង​ការណ៍​​រួម​គ្នា​​មួយ កាលពីថ្ងៃ​ពុធ ក្រោយពីកិច្ច​ប្រជុំ​​កំពូល​មួយ​​រវាង​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​ Kim Jong Un និងលោក Moon Jae-in ប្រធា​នា​ធិបតី​កូរ៉េខាង​ត្បូង​។

សេចក្តី​ថ្លែង​ការណ៍​នេះ ក៏​បាន​បញ្ជាក់​ផងដែរ​ថា ពួក​គេ​បាន​យល់​ព្រម​ក្នុង​ការ​ «ចូល​រួម​គ្នា» ក្នុង​ព្រឹត្តិការណ៍​អន្តរ​ជាតិ​នា​នា ក្នុង​នោះ​រាប់បញ្ចូល​ទាំង​​ព្រឹត្តិការណ៍​អូឡាំ​ពិក​ឆ្នាំ​2020 ក្នុង​ទីក្រុង​តូក្យូផងដែរ​។ គំនិត​​​នៃ​ការ​ដាក់​សំណើ​ដេញ​ថ្លៃ​រួម​គ្នា​ក្នុងការ​ធ្វើ​ជាម្ចាស់​ផ្ទះ​អូឡាំ​ពិក​រដូវ​ក្តៅ ក្នុង​ឆ្នាំ​2032នេះ ត្រូវ​បាន​បំ​ផុស​ឡើង​កាលពី​សប្តាហ៍មុន ដោយ​លោក Do Jong-hwan រដ្ឋ​មន្ត្រី​ក្រសួងកីឡា​របស់​ទីក្រុង​សេ​អ៊ូល​។ លោក Do បាន​បញ្ជាក់​ថា ការ​ធ្វើ​​ជា​សហ​ម្ចាស់​ផ្ទះ​ក្នុងព្រឹត្តិការណ៍​អូឡាំពិកមួយ​នេះ នឹង​​​កសាង​ភាព​​ជោគ​ជ័យ​​ទៅ​លើ​ព្រឹត្តិ​ការណ៍​អូឡាំ​ពិក​រដូវ​រងា នៅឆ្នាំនេះ ក្នុង​ទីក្រុង Pyeongchang ដោយ​ការ​ចូល​រួម​របស់​កូរ៉េ​ខាង​ជើង បាន​ជួយកាត់​បន្ថយ​ភាព​តាន​តឹង​​ផ្សេង​ៗ នៅលើ​ឧប​ទ្វីបមួយនេះ​។

កីឡដ្ឋាន May Day របស់​កូរ៉េ​ខាង​ត្បូង គឺ​ជា​កីឡដ្ឋាន​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ដោយ​អាច​ផ្ទុក​អ្នក​ទស្ស​នា​បាន​ដល់​ទៅ​15០,០០​០​នាក់​។ សំណើ​ដេញថ្លៃ​នេះ គឺ​ជា​ផ្នែក​​មួយ​នៃការ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កាន់​តែល្អ​ប្រសើរ​ជាង​រវាង​ជាតិ​សាសន៍​ទាំង​2 ក្រោយពី​ស្ថិតក្នុង​ជម្លោះ​ជាច្រើន​ទសវត្សរ៍ បន្ទាប់​ពី​សង្គ្រាម​កូរ៉េ​ ក្នុង​ទសវត្សរ៍ឆ្នាំ​1950​៕

ប្រភព​ពី៖ Reuters

Advertisement