កីឡាការិនីចិន Liu បំបែកកំណត់ត្រាហែលទឹកពិភពលោកនៅ Asian Games

កីឡាការិនីចិន Liu Xiang បានបំបែកកំណត់ត្រាពិភពលោកឆ្នាំ2009 ក្នុងការប្រកួតកីឡាហែលទឹកនាព្រឹត្តិការណ៍ Asian Games ឆ្នាំ2018 ក្នុងទីក្រុងហ្សាការតា ខណៈដែលនាងបានប្រើប្រាស់ថិរវេលា 26.98វិនាទី ក្នុងការប្រកួតហែលទឹកបែបកង្កែប ចម្ងាយ 50ម៉ែត្រ។

កីឡាការិនីវ័យ 21ឆ្នាំរូបនេះ បានបំបែកកំណត់ត្រាពិភពលោក ដែលបានបង្កើតឡើងដោយមិត្តរួមជាតិរបស់គេគឺ Zhao Jing កាលពី 9ឆ្នាំមុន ក្នុងថិរវេលា 27.06វិនាទី។ Liu បាននិយាយតាមរយៈអ្នកបកប្រែម្នាក់ថា៖ «ការផ្តោតអារម្មណ៍ដ៏សំខាន់របស់ខ្ញុំ គឺការប្រកួតហែលទឹកបែបសេរីចម្ងាយ 50ម៉ែត្រ។ ដោយសារតែការផ្តោតអារម្មណ៍ទៅលើការហែលទឹកបែបសេរី ខ្ញុំមិនមានសម្ពាធណាមួយឡើយ។ ខ្ញុំអាចផ្តោតលើការបង្ហាញពីសមត្ថភាពរបស់ខ្ញុំ»។ កីឡាការិនី Fu Yuanhui ដែលមានសញ្ជាតិចិនដែរនោះ បានឈ្នះមេដាយប្រាក់ក្នុងថិរវេលា 27.68វិនាទី ហើយកីឡាការិនីជប៉ុន Natsumi Sakai ដែលជាម្ចាស់ជើងឯកយុវជនពិភពលោកឆ្នាំ2017 បានឈ្នះមេដាយសំរឹទ្ធក្នុងថិរវេលា 27.91វិនាទី។

កីឡាការិនីជប៉ុន RikakoIkee បានបង្កើតកំណត់ត្រាក្នុងការប្រកួតលើវិញ្ញាសាហែលទឹកបែបមេអំបៅចម្ងាយ 100ម៉ែត្រ ដើម្បីឈ្នះមេដាយមាសជាលើកទី4 របស់នាងក្នុងរយៈពេល 3ថ្ងៃ ខណៈដែលកីឡាករចិន Sun Yang បានឈ្នះមេដាយមាសជាលើកទី3 របស់គេ ស្របពេលគូប្រជែងក្នុងតំបន់អាស៊ីទាំង2ប្រទេសនេះ បានប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវិញ្ញាសាហែលទឹក៕

ប្រភពពី៖ News Straits Times

Advertisement