គប់​ភ្លើង Asian Games ឆ្នាំ2018 ទៅដល់​ទីក្រុង​ហ្សា​ការ​តា​ហើយ

គប់​ភ្លើង Asian Games លើក​ទី18 បាន​ទៅដល់​រដ្ឋធានី​ហ្សា​ការ​តា របស់​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ កាលពី​ថ្ងៃ​ពុធ ដើម្បី​បញ្ចប់​ការធ្វើដំណើរ​រយៈពេល 1ខែ​ពេញ ទូទាំងប្រទេស​ប្រជុំ​កោះ​ដ៏​ច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ។

គប់​ភ្លើង​មួយ​នេះ ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​ក្រុម​តន្ត្រី ក្រុម​អ្នករាំ​ក្បាច់​ប្រពៃណី និង​ក្រុម​ប្រគំ​តន្ត្រី​នានា ក្រោយពី​ការចាប់ផ្តើម​ដំណើរ​នាំយក​គប់​ភ្លើង​មួយ​នៅ​តំបន់​មជ្ឈមណ្ឌល​វប្បធម៌ Yogyakarta ក្នុងប្រទេស​ម្ចាស់​ផ្ទះមួយ​នេះ កាលពី​ថ្ងៃទី17 ខែកក្កដា។

គប់​ភ្លើង​មួយ​នេះ​ត្រូវបាន​ដុត​នៅ​រដ្ឋធានី New Delhi របស់​ប្រទេស​ឥណ្ឌា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ Asian Games ដំបូង​គេ កាលពី​ឆ្នាំ1951។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​សង្ឃឹមថា ការរត់​បណ្តាក់​គ្នា​យក​គប់​ភ្លើង​មួយ​នេះ​នឹង​ទាក់ទាញ​អ្នកទស្សនា​យ៉ាងហោចណាស់ 1លាន​នាក់​ទូទាំង​រដ្ឋធានី​ឥណ្ឌូនេស៊ី​នេះ។

អ្នក​នាំយក​គប់​ភ្លើង 10,000នាក់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​អតីត​តារា​វាយ​សី​ដ៏​ឆ្នើម​របស់​ឥណ្ឌូនេស៊ី Rudy Hartono, IcukSugiartoនិង Ricky Subagja ផងដែរ​នោះ នឹងចូលរួម​ក្នុង​ការរត់​បណ្តាក់​គ្នា​នេះ។ គប់​ភ្លើង​មួយ​នេះ​នឹងត្រូវ​ទៅដល់​កីឡដ្ឋាន Gelora Bung Karno នៅ​ថ្ងៃ​សៅរ៍​នេះ សម្រាប់​កម្មវិធី​បើក​ការប្រកួត​នៃ​ព្រឹត្តិការណ៍ Asian Games ដើម្បី​បញ្ចប់​ការធ្វើដំណើរ​ចម្ងាយ 18,000គីឡូម៉ែត្រ​ទូទាំង​ទីក្រុង​ចំនួន 54។

ឥណ្ឌូនេស៊ី នឹង​ទទួល​អត្ត​ព​លិ​ក​ប្រមាណ​ជា 11,000នាក់ និង​មន្ត្រី​កីឡា 5,000នាក់​មកពី​ប្រទេស​ក្នុង​អាស៊ី​ទាំង45 សម្រាប់​ព្រឹត្តិការណ៍​ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី18 ខែសីហា ដល់ទី2 ខែកញ្ញា៕

ប្រភពពី៖ Channel News Asia

Advertisement